សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះអ្នករិះគន់ថា ការធ្វើព្រែកជីកហ្វូណន-តេជោ មានហេតុផលអាថ៌កំបាំង


«គម្រោងព្រែកជីកហ្វូណន ជាគម្រោងគ្មានអ្វីជាអាថ៌កំបាំងនោះទេ អ្វីដែលសំខាន់គឺធ្វើដើម្បីជាតិ និងប្រជាជន»។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាង សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលបើកការដ្ឋានសាងសង់នាព្រឹកនេះ សាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ ខែ និងគ្រោង បញ្ចប់ នៅឆ្នាំ២០២៦ ដោយគ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណ ២៤៣ លាន ដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្ពុជា សម្រាប់ពន្ធអាករផ្សេងៗផងដែរ៕