កម្ពុជា នឹងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក


នេះជាគម្រោងមួយ ក្នុងចំណោម ឯកសារសំខាន់ៗចំនួន៧ ដែលត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) បានចុះអនុស្សរណៈនៃការយោគយល់គ្នានារសៀលថ្ងៃចន្ទ ទី១៨ ធ្នូ ២០២៣នេះ។
ឯកសារសំខាន់ៗទាំងនោះរួមមាន៖

១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក
២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន
៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក
៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា
៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code
៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)
៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិ គឺជាកន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យ ក្រុមហ៊ុន មកពីវិស័យ សំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ ធ្លាប់បានគូសបញ្ជាក់ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣៕

ប្រភព៖ SPM, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍