ឯកឧត្តម ហ៊ុន ម៉ានី ពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដោយសម្ងាត់ ឈរលើគោលការណ៍ប្រជាធិតេយ្យ


នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល។ កម្មវិធីព្រឹកនេះ មានការអញ្ជើញចូលរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួងស្ថាប័ន ក្រុមការងារអនុគណៈកម្មការជំនាញ និងអ្នកសារព័ត៌មានជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដោយសម្ងាត់ ឈរលើគោលការណ៍ប្រជាធិតេយ្យ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងប្រសិទ្ធភាព ស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា។ ដោយឡែក គណៈកម្មការរៀបចំការប្រឡងប្រជែងបានកំណត់ពេលវេលាកំណែសន្លឹកកិច្ចការនឹងប្រព្រឹត្តទៅក្នុងចន្លោះពេលមួយសប្តាហ៍។

គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ប្រភព៖ ក្រសួងមុខងារសាធារណៈ