តើការសម្រចរៀនពីរមុខវិជ្ជាក្នុងពេលតែមួយជារឿងល្អឬទេសម្រាប់និស្សិត?


ការជ្រើសរើសមុខជំនាញនៅថ្នាក់មហាវិទ្យាល័យ ជាក្ដីកង្វល់របស់សិស្សានុសិស្សភាគច្រើនដែលទើបប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្រាប់អ្នកមានគោលដៅច្បាស់លាស់ ការជ្រើសរើសជំនាញសិក្សាពុំមែនជាបញ្ហាចោទនោះទេ។ ប៉ុន្តែសម្រាប់អ្នកមិនទាន់មានគោលដៅច្បាស់លាស់ វាជាកត្តាសំខាន់ ដែលត្រូវសម្រេចចិត្ត។

យ៉ាងណាមិញ មាននិស្សិតមួយចំនួន បានសម្រេចចិត្តរៀនពីរមុខវិជ្ជាក្នុងពេលតែមួយដោយសារភាពមិនច្បាស់លាស់ ចំពោះគោលបំណង ក្តីស្រឡាញ់ ការងារនាពេលអនាគត ប៉ុន្តែមាននិស្សិតខ្លះសម្រេចចិត្តរៀនពីរមុខវិជ្ជាក្នុងពេលតែមួយ ព្រោះមានគោលដៅជាក់លាក់ទៅវិញ។ ដូចនេះ តើការសម្រចរៀនពីរមុខវិជ្ជាក្នុងពេលតែមួយជារឿងល្អឬទេសម្រាប់និស្សិត?

ការជ្រើសរើសចំនួនមុខជំនាញដើម្បីបន្តការសិក្សាមិនមានអ្វីខុសឬត្រូវនោះឡើយ តែមុនពេលសម្រេចចិត្ត យុវជនគួរយកចិត្តទុកដាក់ ធ្វើការវិភាគទៅលើផលដែលនឹងអាចជួបក្នុងអំឡុងពេលសិក្សា ។

ជានិស្សិតឆ្នាំទី ៤ នៅលើមុខជំនាញវិស្វករ និងភាសាអង់គ្លេសនៅសកល វិទ្យាល័យពីរផ្សេងគ្នាទៀត យុវនិស្សិត ជ័យ វល័ក ធ្វើការចែករំលែកការយល់ឃើញរបស់ខ្លួនចំពោះការសិក្សាពីរមុខជំនាញក្នុងពេលតែមួយ។

“ខ្ញុំសម្រេចរៀនពីរមុខវិជ្ជា ដោយសារតែខ្ញុំយល់ពីទីផ្សារក្នុងសង្គមយើងនិងដោយសារការស្រឡាញ់ចូលចិត្ត។ មុននឹងជ្រើសរើសយកពីរជំនាញហ្នឹងខ្ញុំបានគិតពីទំនាក់ទំនងរបស់មុខជំនាញទាំងនោះ ដោយមុខជំនាញវិស្វករជាមុខជំនាញគោលរបស់ខ្ញុំ ហើយការសិក្សារបស់វាតម្រូវឲ្យយល់ដឹងពីភាសាអង់គ្លេសទើបស្រាវជ្រាវបានព័ត៌មានច្រើន ដូច្នេះហើយខ្ញុំ យកជំនាញភាសាអង់គ្លេសមួយទៀតនេះគឺជួយបំប៉នមុខជំនាញមួយទៀតហើយក៏សម្រាប់ចំណេះដឹងផងដែរ។”

វល័ក ក៏បានបញ្ជាក់លើមូលហេតុបន្ថែមទៀតថា៖ “ខ្ញុំមិនសម្រេចចិត្តសិក្សាភាសាអង់គ្លេសក្នុងសាលារៀនធម្មតា ហើយមកសិក្សាយកជាបរិញាប័ត្រវិញនោះ ក៏ដោយសារខ្ញុំចង់ស្វែងយល់ចំណេះដឹងជ្រៅជ្រះបន្ថែមទៀតទៅលើមុខវិជ្ជាភាសាអង់គ្លេដមួយនេះដែរ។”

ក្រៅពីនេះ វល័ក បានចែករំលែកពីផលលំបាកនិងផលល្អនៃការសិក្សាពីរមុខវិជ្ជាក្នុងពេលតែមួយនេះដែរ។ ដោយផលល្អនោះគឺ មុខជំនាញមួយបំពេញមុខជំនាញមួយទៀត ហើយផលដែលមិនល្អនោះគឺអំពីការគ្រប់គ្រងពេលវេលា។

“រៀនពីរមុខជំនាញមានន័យថា មុខវិជ្ជារៀនក៏ច្រើន ហើយកិច្ចការក៏ច្រើនតាមហ្នឹងដែរ។ ប្រសិនជាដល់ពេលប្រឡងចំពេលតែមួយទៀត ពេលនោះហើយដែលខ្ញុំរងសម្ពាធខ្លាំង ទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រោះយើងត្រូវការគិត និងមើលមេរៀនច្រើន។” “ពេលខ្លះខ្ញុំមានអារម្មណ៍ហត់ ក៏ចង់បោះបង់ចោលទាំងអស់ដែរ ប៉ុន្តែអារម្មណ៍មួយនេះមួយពេលទេ។” វល័កនិយាយបន្ត។

យុវនិស្សិតរូបនេះ ក៏បានបង្ហាញពីបញ្ហាដែលយុវជនដទៃគួរតែគិតពិចារណាមុនពេលសម្រេចជ្រើសការសិក្សាពីរមុខវិជ្ជាក្នុងពេលតែមួយ ដោយគិតលើបញ្ហាហិរញ្ញវុត្ថុ និងពេលវេលាឱ្យបានច្បាស់លាស់។ “សម្រាប់ក្នុងករណីខ្ញុំ ខ្ញុំទទួលបានអាហារូបករណ៍មួយ ដូច្នេះវាជាការសម្រួលមួយ ចំពោះការចំណាយរបស់ខ្ញុំផងដែរ។”

គួរបញ្ជាក់ដែរថា ការសម្រេចចិត្តក្នុងការសិក្សាមុខជំនាញណាមួយ គួរតែប្រកបដោយការគិតពិចារណាហ្មត់ចត់ និងវែងឆ្ងាយ ដូចជាលើកត្តាផ្សេងៗដូចជា ផលដែលទទួលបានមកវិញ សេដ្ឋកិច្ច ពេលវេលា និងសុខភាពផ្លូវកាយ ផ្លូវចិត្តជាដើម។

អត្ថបទដោយ៖ កឹម សុម៉ាលី