វីរុសកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី ត្រូវបានរកឃើញនៅកម្ពុជា


ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ​បានប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ដែលបានបំប្លែងថ្មីប្រភេទ ៥០១Y.V២ និងប្រភេទ B.១.១.៧ ចំនួនបីករណីលើជនបរទេសដែលបានចូលមកប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ករណីវិជ្ជមានជំងឺកូវីដ-១៩ ដែលបំប្លែងថ្មីនេះ ត្រូវបានគេរកឃើញលើបុរសជនជាតិឥណ្ឌា អាយុ២៨ឆ្នាំ និងស្រ្តីជនជាតិឥណ្ឌា អាយុ២៣ឆ្នាំ។ ពួកគេទាំងពីរស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា រួចបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី និងចុងក្រោយបង្អស់បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ រីឯករណីវិជ្ជមានមួយផ្សេងទៀត ត្រូវបានគេរកឃើញលើស្រ្តីជនជាតិចិន អាយុ២៣ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង​ ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល គិតត្រីមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីប្រភេទ B.១.១.៧, ប្រមាណជា៨០ប្រទេសនៅលើសកលលោក ហើយមានប្រមាណ៣០០ករណី នៅក្នុងបណ្ដាប្រទេសជាង១០ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ត្រូវបានរកឃើញមានវត្តមានវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មីប្រភេទ B.១.១.៧ និងចំនួនប្រាំបីប្រទេស ដែលបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មីប្រទេស ៥០១Y.V២។ ក្នុងចំណោមបណ្ដាប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា វីរុសកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ បើតាមមន្ត្រីរបស់អង្គការសុខភាពពិភពលោក វីរុសប្រភេទថ្មីនេះ មានភាពសាហាវ ឆ្លងលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងរាតត្បាតនៅលើសាកលលោក៕

ដោយ៖ ង៉ាយ ណៃ