|

សម្ដេច ហ៊ុន សែន ចេញបទបញ្ជាឱ្យពង្រឹងការធ្វើចត្តាឡីស័ក និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលួចឆ្លងដែនចូលមកកម្ពុជា


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដាក់ចេញបទបញ្ជាឱ្យអនុវត្តអនុក្រឹត្យលេខ១២៩ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្ដាប់ និងឆ្លើយតបការរីករាលដាលជាអន្តរជាតិនៃជំងឺតាមច្រកចេញចូល ក្នុងគោលបំណងរឹតបន្តឹងការធ្វើចត្តាឡីស័ក និងផាកពិន័យអ្នកល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាលលើការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមច្រកព្រំដែន។

តាមរយៈសារជាសម្លេងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការចេញផ្សាយនៅព្រឹកថ្ងៃនេះ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា៖«ដើម្បីរៀបចំការធ្វើចត្តាឡីស័កឱ្យបានតឹងរុឹង យើងមិនត្រូវមានការអត់ធ្មត់ ឬមិនមានការមើលរំលងការអនុវត្តលិខិតបទដ្ឋានគតិយុត្តរបស់រដ្ឋាភិបាលតទៅទៀតទេ។ កន្លងមកយើងបានអនុវត្តច្បាប់ខ្លះលើអ្នករត់ចេញពីការធ្វើចត្តាឡីស័ក គឺសម្ដៅលើពលរដ្ឋខ្មែរដែលរស់នៅអាមេរិក ហើយការអនុវត្តច្បាប់នេះទៀតសោត មានតែពីរករណី ឬច្រើនជាងនេះបន្តិចប៉ុណ្ណោះ។»

បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើការងារជាមួយអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្ដាខេត្តជាប់ព្រំដែន ក្នុងការអនុវត្តច្បាប់នៃមាត្រាទី៨ ក្នុងអនុក្រឹត្យលេខ១២៩ ទាក់ទិនទៅនឹងការដាក់ទណ្ឌកម្ម។ មាត្រាទី៨នេះបានបញ្ជាក់ច្បាស់ថា អ្នកដំណើរ ឬយានដឹកជញ្ជូនណាដែលគេចវេស មិនឱ្យមន្ត្រីចត្តាឡីស័កត្រួតពិនិត្យ ឬមិនសហការជាមួយមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញបែបបទដែលមានកំណត់នៅក្នុងអនុក្រឹត្យ នឹងត្រូវទទួលពិន័យអន្តរកាលពី២០មុឺនរៀល ដល់១លានរៀលទៅតាមទំហំបទល្មើស។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៀតថា៖«មូលហេតុដែលជំរុញឱ្យរដ្ឋាភិបាលសម្រេចដាក់អនុវត្តនូវអនុក្រឹត្យលេខ១២៩នេះ ដោយសារតែកន្លងមកយើងឃើញមានពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃ បានលួចចូលមកប្រទេសកម្ពុជាវិញ តាមរយៈច្រករបៀងផ្សេងៗ ដើម្បីគេចផុតពីការធ្វើចត្តាឡីស័ក។ ដូច្នេះ យើងចាំបាច់ត្រូវចាត់វិធានការតឹងរុឹង​ ធ្វើយ៉ាងណាបញ្ឈប់ការឆ្លងដែនខុសច្បាប់ ដែលអាចមកនូវការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន។»

ជុំវិញច្បាប់ស្ដីការដាក់ទណ្ឌកម្មលើអ្នកល្មើសនឹងវិធានការសុខាភិបាល សម្ដេច ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ភិភាក្សាគ្នាលើការកែតម្រូវមាត្រាទី៨នៃអនុក្រឹត្យលេខ១២៩ឡើងវិញ ដោយបង្កើនចំនួនប្រាក់ពិន័យឱ្យច្រើនជាងមុន និងចំណុចផ្សេងៗទៀត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ជាក់ស្ដែង។

គួរបញ្ជាក់ថា អនុក្រឹត្យលេខ១២៩ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជាអន្តរជាតិនៃជំងឺតាមច្រកចេញចូល ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ហើយត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ ដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

ដោយ៖ ង៉ាយ ណៃ