អង្ករពីកម្ពុជាចំនួន ៤០០០តោន នឹងត្រូវនាំចេញទៅកាន់ប្រទេសទីម័រលេស្តេ ជាលើកដំបូងបន្ទាប់ពីការចុះអនុស្សរណៈ
នាព្រឹកថ្ងៃពុធ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូងក្រោមយន្តការរដ្ឋ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។
![](https://media.brandbodia.com/wp-content/uploads/2023/11/IMG_6341.jpg)
ពិធីចុះហត្ថលេខាខាងលើនេះ បានធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹង គណៈប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយ លោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ច នៃប្រទេសទីម័រលេស្តេ និងសហការីមកពី National Logistic Center (CLN) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រលេស្តេប្រចាំកម្ពុជា ផងដែរ។
![](https://media.brandbodia.com/wp-content/uploads/2023/11/IMG_6340-1024x768.jpg)
កិច្ចពិភាក្សាការងារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ផងដែរថា នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម