«ពីមុនមានតែធុរជនបរទេសទេ ដែលមកស្វែងរកការវិនិយោគនៅកម្ពុជា, តែថ្ងៃនេះ ប្រតិភូកម្ពុជា ជាង ១០០ នាក់ បានមកសហរដ្ឋអាមេរិក ដើម្បីស្វែងរកការធ្វើធុរកិច្ចរួម»


កាលពីពេលថ្មីៗនេះ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅកំពង់ផែទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលមានការអញ្ចើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម ឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន គណៈប្រតិភូកម្ពុជា ដែលជាក្រុមហ៊ុន-ពាណិជ្ជករខ្មែរដែលមកពីកម្ពុជាជាង១០០ក្រុមហ៊ុន។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការបានទទួលជួបពិភាក្សាជាមួយលោកស្រីនាយិកា សេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំទីក្រុងឡុងប៊ិច តំណាងធនាគារ Export-Import Bank សហរដ្ឋអាម៉េរិក និងតំណាងកំពង់ផែទីក្រុងឡុងប៊ិច។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ថា ពីមុនមានតែធុរជនបរទេសទេ ដែលមកស្វែងរកការវិនិយោគនៅកម្ពុជា, តែថ្ងៃនេះ ប្រតិភូកម្ពុជា ជាង ១០០ នាក់ បានមកសហរដ្ឋអាមេរិក ដើម្បីស្វែងរកការធ្វើធុរកិច្ចរួម ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា និង ការបង្ហាញពីភាពរឹងមាំនៃខឿនសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន៕

ក្រសួងពាណិជ្ជកម្ម