ជប៉ុនទទួលរងគ្រោះរញ្ជួយដី មុនខួប១០ឆ្នាំនៃគ្រោះរញ្ជួយដីឈានមកដល់


ផ្អែកទៅលើគេហទំព័រទីភ្នាក់ងារឧតុនិយមជប៉ុន នៅយប់ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ តំបន់ Fukusima និងតំបន់ Miyagi បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត ៧.១ វ៉ិចទ័រ និងមានកម្លាំងស្មើនឹង៦ វ៉ិចទ័រ។

ប្រភពដដែលបានបន្ថែមថា៖ គ្រោះរញ្ជួយដីលើកនេះ អាចចាត់ទុកជាគ្រោះរញ្ជួយដីដែលមានកម្រិតខ្ពស់បំផុតលំដាប់ថ្នាក់លេខពីរ។ វានឹងជះឥទ្ធិពលនៅតំបន់ប៉ែកខាងត្បូងនៃតំបន់ Miyagi, ភាគកណ្តាលនៃតំបន់ Nakadori និងឆ្នេរសមុទ្រ Hamadori ផងដែរ។

ចំពោះទិន្នន័យបឋម ដែលគេហទំព័រ The Japan Times បានចុះផ្សាយនារាត្រីនេះថា៖ ប្រជាពលរដ្ឋក្នុងតំបន់ Fukushima និងMiyagi (មិនបានបញ្ជាក់ពីចំនួនសរុប) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីអ្នកដែលទទួលរងរបួសធ្ងន់ធ្ងរនោះទេ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Katsunobu Kato បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃសៅរ៍នេះថា៖ យ៉ាងហោចណាស់ មានផ្ទះចំនួន ៩៥០,០០០ខ្នង ទូទាំងប្រទេស ត្រូវបានចរន្តអគ្គិសនីកាត់ផ្តាច់ទាំងស្រុង។

បើទោះបីជាពុំទាន់មានសេចក្តីប្រកាសអាសន្នជាផ្លូវការណាមួយអំពីរលកយក្សស៊ូណាមិក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានបង្កើតក្រុមការងារជំនាញដើម្បីពិនិត្យមើលពីស្ថានភាពការរញ្ជួយដី, ដឹកនាំទីភ្នាក់ងារជំនាញដើម្បីចុះវាយតម្លៃការខូចខាត, អំពាវនាវឱ្យប្រជាជនដែលរស់នៅជិតតំបន់ទាំងនោះបង្កើនការប្រុងប្រយ័ត្នខ្ពស់, និងផ្តល់ព័ត៌មានអំពីការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ខួប១០ឆ្នាំនៃគ្រោះរញ្ជួយដី The Great East Japan Earthquake នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនា ខាងមុខ តែគួរឱ្យចាប់អារម្មណ៍ត្រង់ថា ជប៉ុនបានទទួលរងការរញ្ជួយដីនេះម្តងទៀត មិនដល់មួយខែផង មុនព្រឹត្តិការណ៍រំលឹកខួបនេះឈានមកដល់៕

ប្រភព៖ JMA និង Japantimes