រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាននូវឯកសារផែនការមេដ៏សំខាន់ ដែលនឹងក្លាយទៅជាគំរូសម្រាប់ទីក្រុងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា


កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការប្រគល់-ទទួល ផែនការមេស្តីពី “ប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង” នៅសណ្ឋាគារកាំបូឌីយ៉ាណា រៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ក្នុងសិក្ខាសាលានាព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននូវឯកសារផែនការមេស្តីពីប្រព័ន្ធអនាម័យក្នុងទីក្រុង (Citywide Inclusive Sanitation Master Plan) ដែលជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ ការអភិវឌ្ឍ ប្រព័ន្ធអនាម័យ សំដៅធ្វើការគ្រប់គ្រងខ្សែចង្វាក់សេវាអនាម័យទាំងមូល ប្រកប ដោយ សុវត្ថិភាព គិតចាប់ពីការប្រមូលស្តុកទុក ការបូមទឹកកខ្វក់/សំណល់ភក់បង្គន់ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តកម្ម។

ក្នុងឱកាសនេះដែរ ឯកឧត្តម នួន ផារ័ត្ន បានបង្ហាញក្ដីសង្ឃឹមថា ផែនការមេនេះ នឹងក្លាយទៅជាគំរូផែនការមួយក្នុងវិស័យអនាម័យ និងជាគំរូសម្រាប់ទីក្រុងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចូលរួមគាំទ្រឱ្យបានសកម្មក្នុងការអនុវត្តផែនការមេនេះ ឱ្យទទួលបានជោគជ័យ នាពេលអនាគត។