ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន VISA សំដៅលើកកម្ពស់ការធ្វើអាជីវកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក


នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោកស្រី Ivana Tranchini អ្នកគ្រប់គ្រងក្រុមហ៊ុន VISA ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើនកិច្ចប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន VISA សំដៅលើកកម្ពស់ការធ្វើអាជីវកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក រួមទាំងការបង្កើនការចូលរួមរបស់អាជីវកម្មខ្នាតតូចនៅកម្ពុជា។

កន្លងមកក្រុមហ៊ុន Visa បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់កាលានុវត្តន៍ភាពក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល។

គួរបញ្ជាក់ថា VISA គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធច្រើនជាង ២០០ ប្រទេស និងតំបន់ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់ VISA គឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។