|

ឯកឧត្តម នួន ផារ័ត្ន ទទួលបានមេដាយថ្នាក់ជាតូបការ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត


នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលមេដាយថ្នាក់ជាតូបការ ពីសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នាកាសដ៏វិសេសវិសាលនេះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា៖ «ចាប់តាំងពីចូលបម្រើការងាររដ្ឋជាង ២០ ឆ្នាំ កន្លងមកនេះ ខ្ញុំបាទបានទទួលការបំពាក់គ្រឿងឥស្សរិយយសពីរដងមកទល់សព្វថ្ងៃនេះ ដែល លើកទី១ គឺបំពាក់ដោយ បងប្រធាន ហ៊ុន ម៉ានី សម្រាប់មេដាយថ្នាក់មហាសេរីវឌ្ឍន៍ និងថ្ងៃនេះទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មេដាយថ្នាក់ជាតូបការ ដោយ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។»

ឯកឧត្តម បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ឱកាសដល់ឯកឧត្តម ក្នុងការចូលរួមដឹកនាំកិច្ចការរដ្ឋបាលរាជធានី នាពេលកន្លងមក។

គួរបញ្ជាក់ថា គ្រឿងរាជឥស្សរិយយស  ឬមេដាយ “ ជាតូបការ” ស្ថិតក្នុងប្រភេទគ្រឿងរាជឥស្សរិយយស “ មាតុប្រទេស ” ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់ព្រះ រាជាណាចក្រកម្ពុជារជ្ជកាលបច្ចុប្បន្ន សម្រាប់បំពាក់ជូនវរជនដែលមានគុណូបការៈដ៏ឧត្ដុង្គឧត្ដម និងមានស្នាដៃលេចធ្លោក្នុងការបម្រើប្រទេសជាតិ៕