ចំណុចគួរស្វែងយល់! តើកម្ពុជាមានឯកសារគតិយុត្ត ឬ អនុក្រឹត្យណែនាំណាមួយពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានាហើយឬនៅ?


ជាទូទៅរាល់ពេលមានព្រឹត្តិការណ៍ជាតិ អន្តរជាតិនានា វត្តមានកងកម្លាំងការពារ គឺជាផ្នែកដ៏សំខាន់ក្នុងការចូលរួមអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមទីតាំង។

យ៉ាងណាមិញ កន្លងមកកម្ពុជាយើងមិនទាន់មានឯកសារគតិយុត្ត ឬ អនុក្រឹត្យណែនាំណាមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ពោលគឺមានតែជាបទបញ្ជានានា ដែលបានដាក់ចេញតាមភាពជាក់ស្តែងតែប៉ុណ្ណោះ។ នេះដោយយោងតាមតាមការបញ្ជាក់របស់ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ ។

ដោយឡែក កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងពិភាក្សាប្រមូលធាតុចូលសំខាន់ៗ ដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយឱ្យបានច្បាស់លាស់ និងមានភាពងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឱ្យឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជាឱ្យបានសមស្រប។

សេចក្តីព្រាងអនុក្រឹត្យនេះ គឺផ្ដោតទៅលើការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ក្បូនយានយន្តហែអម ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍។

គួរបញ្ជាក់ថា ការប្រជុំពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ប្រភព៖ ក្រសួងមហាផ្ទៃ