កម្ពុជា នឹងមានជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី
ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក។
ក្នុងឱកាសនេះ សម្តេចធិបតី បានលើកឡើងពីទិសដៅចំពោះមុខ ដោយគាំទ្រការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម ដូចដែលមានការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម ប្រទេសបី គោលដៅតែមួយ(Three countries one destination)។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ មក និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាអាទិ៍៖ វិស័យការពារជាតិ អប់រំ ថាមពល ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។
ប្រភព៖ SPM