ឥណ្ឌា ដាក់គោលដៅបង្កើតស្ថានីយ៍អវកាសផ្ទាល់ខ្លួននៅឆ្នាំ២០៣៥ និងបញ្ជូនអវកាសយានិកដំបូងទៅឋានព្រះច័ន្ទនៅឆ្នាំ២០៤០


យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី លោក Modi កាលពីថ្ងៃអង្គារបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយដើម្បីវាយតម្លៃវឌ្ឍនភាពនៃបេសកកម្ម Gaganyaan របស់ប្រទេសឥណ្ឌា និងដើម្បីបង្ហាញពីអនាគតនៃការខិតខំប្រឹងប្រែងរុករកអវកាសរបស់ប្រទេស។

ផ្អែកលើការសម្រេចបានភាពជោគជ័យនៃគំនិតផ្តួចផ្តើមអវកាសឥណ្ឌា រួមទាំងបេសកកម្ម Chandrayan-3 និង Aditya L1 នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីបានណែនាំថា ឥណ្ឌាឥឡូវនេះគួរតែកំណត់គោលដៅថ្មី និងមានមហិច្ឆតាបង្កើតស្ថានីយ៍ Bharatiya Antariksha (ស្ថានីយ៍អវកាសឥណ្ឌា) នៅឆ្នាំ២០៣៥ និងបញ្ជូនអវកាសយានិកឥណ្ឌាដំបូងទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ២០៤០។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ នាយកដ្ឋានអវកាសបានបង្ហាញទិដ្ឋភាពទូទៅនៃបេសកកម្ម Gaganyaan រួមទាំងបច្ចេកវិទ្យាជាច្រើនដែលត្រូវបានអភិវឌ្ឍរហូតមកដល់ពេលនេះ ដូចជាយានបាញ់បង្ហោះដែលផ្ទុកមនុស្ស និងគុណវុឌ្ឍិរបស់ប្រព័ន្ធផងដែរ។

ដើម្បីសម្រេចបេសកកម្មឆ្នាំ២០៤០ នាយកដ្ឋានអវកាសនឹងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការរុករកព្រះច័ន្ទ។ នេះនឹងរួមបញ្ចូលបេសកកម្ម Chandrayaan ជាបន្តបន្ទាប់ ការអភិវឌ្ឍន៍យានជំនិះបាញ់បង្ហោះជំនាន់ក្រោយ (NGLV) និងការបង្កើតមន្ទីរពិសោធន៍ផ្តោតលើមនុស្ស និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។

ប្រភព៖ WION