តើដឹងទេថាអគារទីស្ដីការថ្មីរបស់ក្រសួងរៀបចំដែនដី មានលក្ខណៈពិសេសអ្វីខ្លះ?
នេះគឺជាប្លង់គម្រូនៃអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារថ្មីនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានទីតាំងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមគម្រោង វានឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
អគារទីស្ដីការថ្មីរបស់ក្រសួងរៀបចំដែនដី មានកម្ពស់ជិត៨៥ម៉ែត្រ ចែកចេញជា៥ជាន់។ អគារនេះមានក្បូរក្បាច់រចនាល្អពិសេស ដោយយកលំនាំតាមគម្រូស្ថាបត្យកម្មខ្មែរបុរាណ។ នៅខ្លោងទ្វារចោលខាងមុខមានរំលេចនូវនិមិត្តសញ្ញារបស់ក្រសួង រីឯផ្ដែរនៃខ្លោងទ្វារលម្អទៅដោយចម្លាក់ផ្កាច័ន្ទដែលយកលំនាំតាមរចនាបថព្រៃក្មេងនៃប្រាសាទសំបូរព្រៃគុក។ បន្ថែមពីនេះ នៅពីចំហៀងខ្លោងទ្វារនេះមានរូបចម្លាក់ពីរដែលមានទ្រង់ទ្រាយដូចទៅនឹងទ្វារចោលនៃប្រាសាទព្រះគោ។
ចំណែកហោជាង និងបុស្បុករបស់អគារនេះ ក៏មានរចនាបទប្លែកស្អាត និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយបុស្បុកនៃអគារនេះត្រូវបានយកចេញពីទម្រង់សមាមាត្ររបស់ប្រាង្គប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ វាមានពណ៌មាសឆ្អិនឆ្អៅ ភ្លឺរលើបរលោងគួរជាទីស្ងើចសរសើរ។ បើក្រឡេកមកមើលហោជាងវិញ ក្បាច់វង់ហៀនភ្ញីទេស និងរូបព្រះឥន្ទ្រគង់លើដំរី បានផុសលេចចេញឡើងយ៉ាងខ្ពស់ត្រដែត បង្ហាញនូវកិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ៕
រូបភាព៖ ជា សុផារ៉ា
ដោយ៖ ង៉ាយ ណៃ