គណៈកម្មការអឺរ៉ុប អនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ពីវៀតណាម យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា


យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា

តាមការស្នើសុំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម សហភាពអ៉ឺរ៉ុប បានសម្រេចឱ្យប្រើវិធីបូកបន្ថែមនេះ តាមរយៈសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប។

វិធីបូកបន្ថែមនេះ អនុញ្ញាតឱ្យកម្ពុជាអាចរើប្រាស់វត្ថុធាតុដើម ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអ៉ឺរ៉ុប។ ការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គំដូចមានចែង សម្រាប់ផលិតទោចក្រយានដូចសេចក្ដីសម្រេចនេះ ត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអ៉ឺរ៉ុប (EU’s GSP)

គួរបញ្ជាក់ផងដែរថា ផលិតករ ឬអ្នកនាំចេញទោចក្រយានទាំងអស់ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម នូវបរិមាណនៃការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គំដែលនាំចូលពីប្រទេសវៀតណាមប្រចាំឆមាស និងត្រូវធ្វើរបាយការណ៍ស្ដីពីការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គំប្រចាំត្រីមាសទៅកាន់ក្រសួងពាណិជ្ជកម្ម ដើម្បីក្រសួងមានមូលដ្ឋានក្នុងការជូនដំណឹងទៅសហភាពអ៉ឺរ៉ុប។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម
រូបភាព: Phnom Penh Post