|

ហេតុអ្វីត្រូវបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របពេលដែលយើងមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការស្រាប់?


អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹងបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ គឺដើម្បីឆ្លើយតបទៅនឹងការងារអាទិភាពទី១ ក្នុងចំណោមការងារអាទិភាពទាំង ៣ នៃការកែទម្រង់វិស័យយុត្តិធម៌ នៅក្នុងវិធានការគន្លឹះជាអាទិភាពទាំង ៥ ដែលបានដាក់ចេញដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នាពេលកន្លងមក។ នេះបើតាមឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ថ្មីៗនេះ ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រសួងយុត្តិធម៌ បានប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពគ្នាលើខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសម្រេចបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យនេះដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលដ៏ឆាប់ខាងមុខនេះ។

បើតាមប្រមុខក្រសួងយុត្តិធម៌ សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មិនត្រឹមតែចែងអំពីការបង្កើតនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងបង្កើតឱ្យមាននូវក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីធានាឱ្យបាន ទាំងលើប្រសិទ្ធភាព ទាំងលើនិរន្តភាព នៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

សូមបញ្ជាក់ថាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលរាជរដ្ឋាភិបាលកំពុងរៀបចំនេះ មានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងច្រើនក្នុងសង្គមជាតិ ក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងជាពិសេស គឺជួយបញ្ចប់វិវាទបានឆាប់រហ័ស ដោយគូភាគីនៃវិវាទអាចទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ និង គ្មានអ្នកចាញ់ ដែលអាចរក្សាបាននូវភាពសុខដុមរមនានៅក្នុងសហគមន៍ និងសង្គមជាតិ៕

ប្រភព: អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
រូបភាព: Phnom Penh post