|

សាលាធនធានចំនួន ៥០ នឹងប្រែក្លាយជាសាលាគំរូត្រឹមយៈពេល២ឆ្នាំទៀត


ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំនៅគ្រប់កម្រិតសាលារៀន ដើម្បីលើកកម្ពស់ការគ្រប់គ្រងដឹកនាំសាលារៀន និងលទ្ធផលការសិក្សារបស់សិស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់នូវកំណែទម្រង់ក្នុងវិស័យអប់រំជាអាទិភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងដោយសង្ខេបថាសាលាគំរូ គឺជាសាលាដែលសម្រេចបាននូវស្តង់ដាគុណភាពទាំង៥រួមមាន៖ (១)លទ្ធផលសិក្សារបស់សិស្ស (២) វិធីសាស្ត្របង្រៀនតាមបែបទំនើប (៣) ការចូលរួមរបស់សហគមន៍ (៤) ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (៥) គណនេយ្យភាពរបស់សាលារៀន។ ការវាយតម្លៃសាលាគំរូ ជាក់ស្តែងនឹងចាប់ផ្តើមក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ។

មកដល់បច្ចុប្បន្ននេះ គម្រោងបានឈានដល់ដំណាក់កាលនៃការចុះគាំទ្រ សាលាគោលដៅចំនួន ១៣៧ ដោយក្នុងឆ្នាំ ២០២៣នេះ គឺផ្ដោតជំរុញសាលាធនធានចំនួន ៥០ ឲ្យប្រែក្លាយជាសាលាគំរូក្នុងរយៈពេល២ឆ្នាំទៀត។

ដើម្បីសម្រេចបានសាលាគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ ដូចជា៖ កំណត់ផែនការសកម្មភាព ពិនិត្យតាមដាន និងផ្តល់ការគាំទ្រ បន្ទាប់ពីផ្តល់ការបណ្ដុះបណ្ដាល ត្រូវចុះទៅផ្ទាល់តាមសាលាដើម្បីវាយតម្លៃ និងបន្តកែលម្អ បង្កើតឲ្យមានក្លឹបសិក្សា និងពិព័រណ៍ស្នាដៃសិស្ស សិក្សាពីសាលាដែលជោគជ័យ លើកកម្ពស់គុណភាពការគ្រប់គ្រងសាលារៀន និងបង្កើតឲ្យមានតេស្ដស្តង់ដាតាមសាលា។

ជាមួយគ្នានេះដែរ ក្រុមការងារថ្នាក់តំបន់ ថ្នាក់ខេត្ត និងបង្គោលនឹងចុះបង្វឹកផ្ទាល់នៅកម្រិតសាលារៀន តាមយន្តការតំបន់ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីសាលារៀនគំរូឲ្យសម្រេចបាននូវលទ្ធផលការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅកសាងប្រព័ន្ធអប់រំឲ្យរឹងមាំ និងមាននិរន្តរភាពនៅគ្រប់កម្រិត ពិសេសកម្រិតសាលារៀន៕

គួរបញ្ជាក់ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីសាលារៀនគំរូ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះបានសម្រេច លើសកម្មភាពបន្ត ដោយគម្រោង នឹងបណ្ដុះបណ្ដាលគណៈគ្រប់គ្រងសាលាមួយចំនួន លេខាធិការ និង គណនេយ្យករនៃវិទ្យាល័យធនធានទាំង ៥០ បន្ថែមទៀតដើម្បីបង្វឹកការអនុវត្ត និងត្រៀមរៀបចំផែនការកែលម្អសាលារៀនសម្រាប់ឆ្នាំ ២០២៣-២០២៤។

ប្រភព: MoEYS
រូបភាព: FRESH NEWS