តើក្រុមហាម៉ាសជានរណា? ហើយអ្វីជាមហន្តរាយបន្ទាប់ ជុំវិញការវាយប្រហារខ្នាតធំមិនធ្លាប់មានពីមុន ក្នុងជម្លោះដ៏រ៉ាំរ៉ៃរយៈពេលជាច្រើនទសវត្សរ៍មកនេះ?
ខណៈដែលជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទីពីរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ការផ្តោតអារម្មណ៍របស់ខ្លួនគឺទៅលើការកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តនៅលើដីអ៊ីស្រាអែល។
ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទ្រង់ទ្រាយធំដោយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានធ្វើឱ្យប្រជាជនអ៊ីស្រាអែលរាប់រយនាក់បានស្លាប់ និងជំរុញឱ្យមានការសងសឹកពីអ៊ីស្រាអែល ដោយការវាយប្រហារតាមអាកាស និងការប្រកាសជាផ្លូវការនូវសង្គ្រាមកាលពីថ្ងៃអាទិត្យ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសារជាវីដេអូមួយភ្លាមៗ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Hamas ដែលគ្រប់គ្រងតំបន់ឆ្នេរ Gaza ង្លែងទៅកាន់ប្រជាពលរដ្ឋអ៊ីស្រាអែលងា «យើងកំពុងស្ថិតក្នុងសង្គ្រាម»។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងបានបញ្ជូនខ្មាន់កាំភ្លើងចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍នេះ គឺជាការវាយប្រហារខ្នាតធំមិនធ្លាប់មានពីមុនមកនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃកន្លងមក។
មនុស្សជាងមួយពាន់នាក់បានស្លាប់នៅចុងសប្តាហ៍នេះ ដោយជនជាតិអ៊ីស្រាអែលជាង ៦០០ នាក់ត្រូវបានសម្លាប់ក្រោមការវាយលុករបស់ពួកហាម៉ាស់ និងជាង ៤០០ នាក់បានបាត់បង់ជីវិត។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងពីជោគវាសនារបស់ចំណាប់ខ្មាំងរាប់សិបនាក់ រួមទាំងទាហានអ៊ីស្រាអែលផងដែរ ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន។
លោក Netanyahu កាលពីល្ងាចថ្ងៃសៅរ៍បាននិយាយថា ប្រទេសរបស់លោកកំពុង “ចាប់ផ្តើមសង្រ្គាមដ៏យូរ និងលំបាកមួយ” ជាមួយគ្នានេះ លោកបានប្តេជ្ញាសងសឹកដ៏ខ្លាំងក្លា លើក្រុម Hamas និងបានប្រកាសថា អ៊ីស្រាអែលកំពុងបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ប្រេងឥន្ធនៈ និងទំនិញទៅកាន់តំបន់ហ្គាហ្សា។
តើភាគីទាំងពីរឈានមកដល់ជម្លោះដ៏ខ្លាំងក្លានេះដោយរបៀបណា?
ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនមានតាំងពីមុនពេលបង្កើតប្រទេសក្នុងឆ្នាំ១៩៤៨។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរវាងភាគីទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។ អំពើហឹង្សាត្រូវបានកើនឡើងជាពិសេសនៅឆ្នាំនេះ។ ចំនួនប្រជាជនប៉ាឡេស្ទីន ដែលជាជនសកម្មប្រយុទ្ធ និងជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយកងកម្លាំងអ៊ីស្រាអែល គឺមានចំនួនខ្ពស់បំផុតក្នុងរយៈពេលជិតពីរទសវត្សរ៍។ ដូចគ្នានេះដែរ ចំពោះជនជាតិអ៊ីស្រាអែល និងជនបរទេស ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីន។
អ៊ីស្រាអែល និងក្រុមហាម៉ាស់បានជាប់ពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធដែលមានតាំងពីដើមឆ្នាំ១៩៨៧ First Palestinian Intifada ឬការបះបោរប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែលនៅតំបន់ Gaza Strip និង West Bank ។
អ៊ីស្រាអែលបានដណ្តើមយកតំបន់ហ្កាហ្សាពីអេហ្ស៊ីបក្នុងសង្រ្គាមឆ្នាំ១៩៦៧ បន្ទាប់មកបានដកថយនៅឆ្នាំ២០០៥ ។ ទឹកដីដែលមានប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ហាម៉ាសក្នុងឆ្នាំ២០០៧ បន្ទាប់ពីសង្រ្គាមស៊ីវិលរយៈពេលខ្លីជាមួយ Fatah ដែលជាគូប្រជែងរបស់ប៉ាឡេស្ទីន។
បន្ទាប់ពីក្រុមហាម៉ាស់បានដណ្តើមកាន់កាប់តំបន់ហ្គាហ្សា អ៊ីស្រាអែល និងអេហ្ស៊ីបបានដាក់ការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងលើទឹកដីនេះ។ ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលបានបិទផ្លូវ ផ្លូវអាកាស និងទ័ពជើងទឹក នៅតំបន់ហ្គាហ្សាផងដែរ។
មុនពេលប្រតិបត្តិការនៅថ្ងៃសៅរ៍ សង្រ្គាមចុងក្រោយរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលគឺនៅឆ្នាំ២០២១ ដែលមានរយៈពេល១១ ថ្ងៃ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៥០ នាក់នៅហ្គាហ្សា និង១៣ នាក់នៅអ៊ីស្រាអែល។ ការវាយលុកកាលពីថ្ងៃសៅរ៍បានកើតឡើងនៅខួបលើកទី ៥០ នៃសង្រ្គាមឆ្នាំ១៩៧៣ នៅពេលដែលប្រទេសជិតខាងអារ៉ាប់របស់អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលនៅថ្ងៃ Yom Kippur ដែលជាថ្ងៃដ៏ពិសិដ្ឋបំផុតនៅក្នុងប្រតិទិនជ្វីហ្វនៅថ្ងៃទី ៦ ខែតុលាឆ្នាំ១៩៧៣ ។
តើក្រុមហាម៉ាសជានរណា?
ហាម៉ាសគឺជាអង្គការអ៊ីស្លាមនិយមដែលមានស្លាបយោធាដែលបានចូលជាធរមាននៅក្នុងឆ្នាំ ១៩៨៧ ដោយបានផុសចេញពីក្រុម Muslim Brotherhood ដែលជាក្រុមអ៊ីស្លាមនិកាយស៊ុននីដែលត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៩២០ នៅក្នុងប្រទេសអេហ្ស៊ីប។
ពាក្យ “Hamas” ជាពាក្យកាត់មកពី”Harakat Al-Muqawama Al-Islamia” – ជាភាសាអារ៉ាប់សម្រាប់ក្រុមចលនាតស៊ូអ៊ីស្លាម។ ក្រុមនេះ ដូចបក្សពួក និងគណបក្សនយោបាយភាគច្រើនរបស់ប៉ាឡេស្ទីនដែរ ដែលបានទទូចថាអ៊ីស្រាអែលជាប្រទេសកាន់កាប់អំណាច ហើយថាខ្លួនកំពុងព្យាយាមរំដោះទឹកដីប៉ាឡេស្ទីន។ ពួកគេចាត់ទុកអ៊ីស្រាអែលជារដ្ឋមិនស្របច្បាប់។
ការបដិសេធរបស់ខ្លួនក្នុងការទទួលស្គាល់អ៊ីស្រាអែល គឺជាហេតុផលមួយដែលខ្លួនបានបដិសេធ ការចរចាសន្តិភាពនាពេលកន្លងមក។ នៅឆ្នាំ ១៩៩៣ វាបានប្រឆាំងនឹងកិច្ចព្រមព្រៀង Oslo ដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន (PLO) ។
ប៉ុន្មានឆ្នាំមកនេះ ក្រុមហាម៉ាស់បានធ្វើការវាយប្រហារជាច្រើនលើអ៊ីស្រាអែល ហើយត្រូវបានចាត់តាំងជាអង្គការភេរវករដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ីស្រាអែល។
តើ al-Aqsa ជាអ្វី?
បរិវេណ al-Aqsa គឺជាកន្លែងដ៏គួរឱ្យគោរពបំផុតមួយនៅក្នុងសាសនាអ៊ីស្លាម និងសាសនាយូដា។ កន្លែងពិសិដ្ឋ ដែលប្រជាជនម៉ូស្លីមស្គាល់ថាជា Al Haram Al Sharif (Noble Sanctuary) និងសម្រាប់ជនជាតិជ្វីហ្វ ដូចជា Temple Mount គឺជាចំណុចបង្ហាញនៃភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនអស់ជាច្រើនទសវត្សរ៍មកហើយ។
ក្រុមហាម៉ាស់និយាយថា ខ្លួនបានបើកការវាយប្រហារ “ព្យុះអាល់អាកសា” នៅថ្ងៃសៅរ៍ ជាផ្នែកមួយដើម្បីការពារទីតាំងបរិសុទ្ធ។ មនុស្សជាច្រើននៅក្នុងពិភពមូស្លីមភ័យខ្លាចថាសិទ្ធិក្នុងការធ្វើជាអ្នកគោរពបូជាតែមួយគត់នៅទីនោះត្រូវបានបំផ្លាញ និងបានគំរាមកំហែងដោយចលនាជ្វីហ្វស្តាំនិយមដែលកំពុងរីកចម្រើន និងរដ្ឋាភិបាលស្តាំនិយមរបស់អ៊ីស្រាអែល។
ការប៉ះទង្គិចបានកើតឡើងជាញឹកញាប់នៅកន្លែងមួយរវាងអ្នកគោរពបូជាប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែល។ ប៉ូលិសបានឆ្មក់ចូលក្នុងបរិវេណនោះជាច្រើនលើកច្រើនសាក្នុងឆ្នាំមុន ។ ភាពស្មុគ្រស្មាញនេះស្ថិតនៅក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលប៉ាឡេស្ទីនចង់បានជារដ្ឋធានីនៃរដ្ឋនាពេលអនាគតរបស់ពួកគេ ហើយដែលសហគមន៍អន្តរជាតិភាគច្រើនចាត់ទុកថាជាទឹកដីកាន់កាប់។ អ៊ីស្រាអែលបានចាប់យកវាពីហ្ស៊កដានីក្នុងសង្គ្រាមរយៈពេលប្រាំមួយថ្ងៃរបស់ខ្លួនក្នុងឆ្នាំ ១៩៦៧ ហើយបានចាត់ទុកទាំងក្រុងយេរូសាឡឹមខាងកើត និងខាងលិចថាជា “រដ្ឋធានីដ៏អស់កល្ប” របស់ខ្លួន។
រដ្ឋលោកខាងលិចបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស និងបានសន្យាគាំទ្រអ៊ីស្រាអែល ខណៈដែលរដ្ឋអារ៉ាប់ រួមទាំងប្រទេសដែលបានទទួលស្គាល់អ៊ីស្រាអែល បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃសៅរ៍ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏គួរឱ្យរន្ធត់នេះប្រឆាំងនឹងអ៊ីស្រាអែល ដោយពួកភេរវករហាម៉ាសមកពីតំបន់ហ្គាហ្សា»។ លោកបាននិយាយថា “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោកនាយករដ្ឋមន្ត្រី Netanyahu ថា យើងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយសមស្របទាំងអស់ដល់រដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែល”។
អារ៉ាប៊ីសាអូឌីត ដែលកំពុងជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព “មិនធ្លាប់មានពីមុនមក” ហើយបានអំពាវនាវឱ្យភាគីទាំងពីរ “បញ្ឈប់ជាបន្ទាន់នូវការកើនឡើងនេះ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត។
តើនឹងមានអ្វីកើតឡើងបន្ទាប់?
ឥឡូវនេះ IDF កំពុងផ្តោតលើការកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប។ លោក Hecht បាន ប្រាប់ សន្និសីទ សារព័ត៌មាន កាលពី ថ្ងៃអាទិត្យ ថា ៖ «អ្វីដែលសំខាន់ដែលរារាំងយើងនៅពេលនេះ គឺស្ថិរភាព នៃការគ្រប់គ្រង នៅហ្គាហ្សាស្ទ្រីប»។លោកបានបន្តថា «យើងមានគោលដៅសម្រាប់រយៈពេល ១២ ម៉ោងបន្ទាប់៖ ដើម្បីបញ្ចប់តំបន់ហ្គាហ្សា គ្រប់គ្រងតំបន់ជុំវិញទាំងមូល និងសម្លាប់ភេរវករទាំងអស់នៅក្នុងទឹកដីរបស់យើង»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានពង្រីក “ស្ថានភាពសន្តិសុខពិសេស” របស់ប្រទេសនេះ ទៅកាន់ទឹកដីអ៊ីស្រាអែលទាំងមូល។
ការិយាល័យរដ្ឋមន្ត្រីបាននិយាយថា នេះអនុញ្ញាតឱ្យ IDF ផ្តល់ការណែនាំសន្តិសុខដល់ជនស៊ីវិល និងបិទទីតាំងសាធារណៈតាមតម្រូវការសម្រាប់សន្តិសុខ។ តំបន់ “ស្ថានភាពសន្តិសុខពិសេស” ក្នុងរង្វង់ ៨០ គីឡូម៉ែត្រ នៃតំបន់ Gaza Strip ត្រូវបានបង្កើតឡើងកាលពីថ្ងៃសៅរ៍។
លោក Hecht បាននិយាយថា IDF គ្រោងនឹងដាក់ជំហានបន្ទាប់ដ៏មានសក្តានុពលជាច្រើន នៅចំពោះមុខគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល។ លោកបាននិយាយថា រដ្ឋាភិបាលទំនងជានឹងធ្វើការសម្រេចចិត្តនៅថ្ងៃអាទិត្យ ឬថ្ងៃច័ន្ទ។
សមាជិកជាន់ខ្ពស់របស់ហាម៉ាស់ លោក Saleh al-Arouri បានផ្ញើសារថា ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្រើសទាំងអស់ រួមទាំងសង្រ្គាម និងការកើនឡើងនៅគ្រប់កម្រិត។ លោក al-Arouri បាននិយាយថា “យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូករណីដ៏អាក្រក់បំផុត រួមទាំងការលុកលុយតាមផ្លូវក្រោមដី ដែលនឹងល្អបំផុតសម្រាប់ពួកយើងក្នុងការសម្រេចចិត្តបញ្ចប់ការប្រយុទ្ធនេះ” ។
ប្រភព: CNN