វិធីប្រើវណ្ណយុត្ត និងខណ្ឌសញ្ញា៖ យុគលពិន្ទុ(ៈ), ចំណុចពីរគូស(៖) និងវិឡារសញ្ញា អញ្ញប្រកាស(“” ឬ «»)


វណ្ណយុត្ត និងខណ្ឌសញ្ញា ជាផ្នែកមួយនៃវេយ្យាករណ៍ខ្មែរ ដែលតម្រូវឱ្យយើងជាអ្នកសិក្សា និងក្នុងនាមជាម្ចាស់ភាសាជាតិត្រូវតែចេះប្រើប្រាស់ឱ្យបានម៉ត់ចត់ ពិសេសនៅពេលសរសេរ ឬបោះពុម្ពជាដើម។

ថ្ងៃនេះ BRANDMEDIA មានកិត្តិយសនាំមកជូននូវវិធីប្រើប្រាស់វណ្ណយុត្ត និងខណ្ឌសញ្ញាមួយចំនួន ដែលបានដកស្រង់ចេញពីសៀវភៅ “វិធីប្រើ វណ្ណយុត្ត និងខណ្ឌសញ្ញា” រៀបរៀងដោយ៖ នួន-ប៊ុត ព.ស.២៤៩៨, គ.ស.១៩៥៥ ដោយពួកយើងសង្ឃឹមថាវានឹងផ្តល់ជាប្រយោជន៍ដល់ខេមរជនគ្រប់រូប។

១) វណ្ណយុត្ត៖ ពួកសញ្ញាដែលប្រើលើតួអក្សរ ឬប្រើផ្សំជាមួយនឹងអក្សរ ដើម្បីបំប្លែងតួអក្ខរៈ ឬសព្ទដើម ឱ្យមានសំឡេងប្លែកចាកលំនាំដើម (សញ្ញាសម្រាប់ប្រើប្រកបនឹងអក្សរ)៖

– យុគលពិន្ទុ(ៈ) ន. (ម. យុគល “គូ” + ពិន្ទុ “ចំណុច”) ជាវណ្ណយុត្តមួយបែបមានសណ្ឋានជាចំណុចពីរទន្ទឹមគ្នា។ ក្រៅតែពីប្រើសម្រាប់ចុចពីរខាងមុខពាក្យបាលី ឬសំស្រ្កឹត​ មួយទៀតនោះ យុគលពិន្ទុ(ៈ) មិនមានសំឡេងទេ សម្រាប់ប្រើជាសញ្ញាដាក់ជាគ្រឿងសម្គាល់ការចង្អុលពាក្យ ឬចង្អុលសេចក្តីខាងមុខ ដែលជាឧទាហរណ៍ ឬជាព័ស្តុតាងជាដើម។

ឧទាហរណ៍ៈ និមលនិយាយទៅកាន់ប្អូនរួមការងារថាៈ “យើងនឹងរីកចម្រើនទៅមុខជាមួយគ្នា!”;

២) ខណ្ឌសញ្ញា៖ ពួកសញ្ញាដែលប្រើខណ្ឌសេចក្តីឱ្យមានរបៀបជាឃ្លា ជាសង្កាត់ ដើម្បីធ្វើសេចក្តីឱ្យមានន័យកាន់តែជាក់ច្បាស់ឡើង (សញ្ញាសម្រាប់ប្រើខណ្ឌសេចក្តី)។

– ចំណុចពីរគូស(៖) ឬហៅថា “ទ្វិពិន្ទុលេខ” ក៏បាន ជាខណ្ឌសញ្ញាមួយបែប សម្រាប់ប្រើដាក់ពីមុខសេចក្តីដែលបម្រុងនឹងរៀបរាប់ ឬបម្រុងនឹងអធិប្បាយតទៅ។ (បើនឹងប្រើ យុគលពិន្ទុ (ៈ) នេះ តាមទម្លាប់ដើមមកក៏បានដូចគ្នា)។

ឧទាហរណ៍ៈ

– ពណ៌ និងរូបភាពទង់ជាតិរបស់ប្រទេសកម្ពុជា មានការសម្គាល់ដូចតទៅនេះ៖

– ចូរឆ្លើយនឹងសំណួរដូចខាងក្រោម៖

– វិឡារសញ្ញា ឬអញ្ញប្រកាស (“” ឬ «») ជាខណ្ឌសញ្ញាមានសណ្ឋានជា២បែបយ៉ាងនេះ (“”) ឬ(«» ហៅថា “កោណសញ្ញា” ដើម្បីស្រួលចំណាំកុំឱ្យច្រឡំគ្នាក៏បាន) សម្រាប់ប្រើរាំងពាក្យ ឬរាំងសេចក្តីរបស់អ្នកដទៃ ដែលគេនាំយកមកសរសេរក្នុងប្រយោគមួយ។

ឧទាហរណ៍ៈ

កាលព្រះសម្មាសម្ពុទ្ធ ទ្រង់ជិតចូលបរិនិញ្វន ទ្រង់ផ្តាំថាៈ “ម្នាលអានន្ទ! អំណើះឥតពីតថាគតទៅ ធម៌វិន័យ និងជាសាស្តានៃអ្នកទាំងឡាយជាតំណាងតថាគត”។ ឬ

កាលព្រះសម្មាសម្ពុទ្ធ ទ្រង់ជិតចូលបរិនិញ្វន ទ្រង់ផ្តាំថាៈ «ម្នាលអានន្ទ! អំណើះឥតពីតថាគតទៅ ធម៌វិន័យ និងជាសាស្តានៃអ្នកទាំងឡាយជាតំណាងតថាគត»៕

អត្ថបទ៖ BRANDMEDIA