ឆ្លងកាត់ការផ្លាស់ប្ដូរចំនួន ៦ លើក រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ មានអត្ថិភាព និងអាយុវែងជាងគេ


បីទស្សវត្សរ៍ចុងក្រោយនេះ គេបានឃើញការផ្លាស់ប្តូររដ្ឋធម្មនុញ្ញសំខាន់ៗនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ជាញឹកញាប់ ជាពិសេសគឺហ្វីលីពីននៅឆ្នាំ១៩៨៧, ឡាវ ឆ្នាំ១៩៩១, ២០០៣, ២០១៥, ថៃ នៅឆ្នាំ១៩៩១, ១៩៩៧, ២០០៦, ២០០៧, ២០១៦, វៀតណាម នៅឆ្នាំ១៩៩២, ២០០១, ២០១៣), កម្ពុជា ឆ្នាំ១៩៩៣, ឥណ្ឌូនេស៊ី នៅឆ្នាំ១៩៩៩, ២០០០, ៣០០១, ២០០២, ទីម័រខាងកើត ឆ្នាំ២០០២ និងមីយ៉ាន់ម៉ា ឆ្នាំ២០០៨។

ជាការពិតណាស់ ការផ្លាស់ប្តូរទាំងនេះមិនមែនជារឿងប្លែក ប៉ុន្តែវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទិដ្ឋភាពច្បាប់ និងនយោបាយនៃរដ្ឋទាំងនេះ សូម្បីតែប្រទេសដែលកាន់របបផ្តាច់ការ និងរបបកូនកាត់ក៏ដោយ។ ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញទាំងនេះក៏បានឆ្លុះបញ្ចាំងពីការរីកចម្រើន និងភាពស្មុគស្មាញនៃការប្រកួតប្រជែងសម្រាប់រដ្ឋធម្មនុញ្ញនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើដំណើរការដែលតួអង្គនយោបាយផ្សេងៗគ្នា ចរចា ប្រឈមមុខ ប៉ះទង្គិច និងដោះស្រាយលើគំនិត និងគោលការណ៍រដ្ឋធម្មនុញ្ញ។

សម្រាប់កម្ពុជាចាប់តាំងពីឆ្នាំ១៩៤៧ មក កម្ពុជាមានរដ្ឋធម្មនុញ្ញចំនួន ៦ ដែលមានការផ្លាស់ប្តូរពីរដ្ឋធម្មនុញ្ញមួយ ទៅរដ្ឋ ធម្មនុញ្ញមួយ អាស្រ័យទៅតាមបរិបទនយោបាយរបស់ ប្រទេសចាប់ពីឆ្នាំ១៩៤៧ រហូតមកដល់ឆ្នាំ១៩៩៣។
ក្នុងនោះរួមមាន៖
-រដ្ឋធម្មនុញ្ញទី១ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើនៅក្នុង ឆ្នាំ១៩៤៧ (នៅក្នុងរបបព្រះរាជាណាចក្រទី១)
-រដ្ឋធម្មនុញ្ញទី២ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើនៅក្នុង ឆ្នាំ១៩៧២ (បន្ទាប់ពីផ្លាស់ប្តូររបប)
-រដ្ឋធម្មនុញ្ញទី៣ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើនៅក្នុង ឆ្នាំ១៩៧៦ (របបកម្ពុជាប្រជាធិបតេយ្យ)
-រដ្ឋធម្មនុញ្ញទី៤ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើនៅក្នុង ឆ្នាំ ១៩៨១ (របបសាធារណរដ្ឋប្រជាមានិតកម្ពុជា)
-រដ្ឋធម្មនុញ្ញទី៥ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើនៅក្នុង ឆ្នាំ១៩៨៩ (ក្នុងរបបរដ្ឋកម្ពុជា )
-រដ្ឋ ធម្មនុញ្ញទី៦ ត្រូវបានអនុម័ត នៅក្នុងឆ្នាំ១៩៩៣។

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នេះជារដ្ឋធម្មនុញ្ញ ដែលមានអត្ថិភាពនិងអាយុវែងជាងគេ (៣០ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានផ្ដួចផ្ដើមដំបូងដោយគឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបដំបូងនៅប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ ដែលជាចំណុចចាប់ផ្តើមនៃការចរចាស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ នេះជាមូលដ្ឋានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជានាំមកនូវសុខសន្តិភាពពេញលេញ។

រដ្ឋធម្មនុញ្ញនេះ ត្រូវបានចាត់ទុកថាគឺជាច្បាប់កំពូលដែលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ បានក្លាយជាមូលដ្ឋានគតិយុត្តដ៏ រឹងមាំសម្រាប់កសាងកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋាន បង្កនូវកម្លាំងជំរុញរួមគ្នា នៃគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ធ្វើឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករប្រកបដោយថាមពល អាចដោះស្រាយបញ្ហានានា របស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ។ នេះបើតាមប្រសាសន៍ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលធ្លាប់បានលើកឡើង។

ក្នុងដំណើរការអនុវត្តរយៈពេល៣០ឆ្នាំ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានឆ្លងកាត់វិសោធនកម្មចំនួន១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញថែមមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងសង្គម។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ ២០២៣ កម្ពុជាបានប្រារព្ធពិធី អបអរសាទរទិវារំឭកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

ប្រភព: Law kh, Taylor and Francis