ដំណឹងល្អ! សិស្ស និស្សិត ដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា នឹងអាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថលរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។
ការបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” (ក.អ.ជ.ឌ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “Digital Skill Development Program” (DSDP) មានកម្មវត្ថុចម្បងចំនួន៣ ដែលរួមមាន៖ (១) ការចូលរួមអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 (២) ការលើកកម្ពស់ស្តង់ដាគុណវុឌ្ឍិនៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ។
យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឱ្យដឹងថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក.ប.ទ. បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូលើថវិកាសិក្សា គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ឌីជីថល និងផែនការអភិវឌ្ឍមូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការលើកកម្ពស់ការអប់រំលើជំនាញបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃបេសកកម្មរបស់ ក.ប.ទ. ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនឹងទទួលបានជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្មក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក.ប.ទ. បានលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលមានតម្រូវការស្នើសុំហិរញ្ញប្បទានសិក្សាពីកម្មវិធី អភិវឌ្ឍន៍ជំនាញឌីជីថល អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៨ ៩៤៣ ៧៧៧ ឬគេហទំព័រ www.dsdp.gov.kh ឬតាមដានហ្វេសប៊ុកផ្លូវការឈ្មោះ “ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ” ឬ ស្កេន QR Code ខាងក្រោម។
ប្រភព: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រូបភាព: Phnom Penh post