|

អាជីវកម្មលើដីចំណីផ្លូវមួយចំនួន អាចនឹងត្រូវលុបបំបាត់ក្រោយសេចក្ដីព្រាងអនុក្រឹត្យចូលជាធរមាន


ការរំលោភដីចំណីផ្លូវ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួននៅតែជាបញ្ហាចម្បង បើទោះបីជាអាជ្ញាធរ និងអ្នកជំនាញពាក់ព័ន្ធ ប្រើវិធានការណែនាំ ចុះទៅដោះស្រាយ ឬការប្រើវិធានការក្ដៅយ៉ាងណាក៏ដោយ។ ការធ្វើអាជីវកម្ម ឬការសង់សំណង់អគារចូលលើចំណីផ្លូវ បានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបង្កការលំបាកដល់អ្នកដំណើរ ជួនពេលខ្លះបង្កជាហានិភ័យគ្រោះថ្នាក់ទៀតផង។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ១២ ដែលត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០១៤ បានចែងថា រាល់ការសាងសង់ លើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេស លើដីចំណីផ្លូវជាលក្ខណៈ អចិន្ត្រៃយ៍ត្រូវបានហាមឃាត់ លើកលែងតែការសាងសង់ក្នុងគម្រោងចាំបាច់មួយចំនួនដូចជា បរិក្ខារបម្រើឲ្យវិស័យ ការពារជាតិ សន្តិសុខជាតិ បរិក្ខារ បម្រើឲ្យការគ្រប់គ្រង ឬការសាងសង់ផ្លូវ និងបរិក្ខារសំណង់ សេវាសាធារណៈផ្សេងៗទៀត ដែលត្រូវស្នើសុំការឯកភាព ជាគោលការណ៍ពីរាជរដ្ឋាភិបាលតាមសំណើរបស់សមត្ថកិច្ច គ្រប់គ្រងផ្លូវថ្នល់។ ដីចំណីផ្លូវ អាចប្រើប្រាស់បានសម្រាប់គោលបំណងផ្សេងៗជាលក្ខណៈបណ្ដោះអាសន្ន ដោយមិនត្រូវធ្វើប៉ះពាល់ដល់បរិក្ខារ និងសំណង់ផ្សេងៗសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់ឡើយ។

កម្ពុជា ក៏បានចេញសេចក្ដីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ ក្នុងគោលបំណងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវក្នុងការធ្វើអាជីវកម្ម ឬសង់សំណង់ផ្សេងៗ ទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការបំពានដីចំណីផ្លូវ និងរក្សាសណ្តាប់ធ្នាប់សង្គមផងដែរ។ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ត្រូវបានឆ្លងកាត់ការពិភាក្សាដេញដោលយ៉ាងផុលផុសពីក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួងជាច្រើនលើកមកហើយ សំដៅធ្វើយ៉ាងណាធានានូវសុក្រឹត្យភាពខ្ពស់ ចៀសវាងការបកស្រាយខុស និងភាពស្រពេចស្រពិលនៅពេលដាក់ឱ្យអនុវត្ត។

ដោយឡែកកាលពីពេលថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលដឹកនាំដោយឯកឧត្តម ប៉ាល់ ចន្ទតារា ជារដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ដើម្បីឱ្យមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យសម្រេច និងកែសម្រួលមាត្រាមួយចំនួនលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់។ចំណែកសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណុចផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក នឹងត្រូវលើកយកមកពិភាក្សាបន្តនៅថ្ងៃចន្ទ ទី០៩ ខែតុលាឆ្នាំ២០២៣ ខាងមុខបន្តទៀត។

គួរកត់សម្គាល់ថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន តែងក្រើនរំលឹកជារឿយៗដល់ប្រជាពលរដ្ឋកុំឱ្យបំពានយកដីចំណីផ្លូវ មកធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ាងណាមិញ ក្រោយសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ចូលជាធរមាន ត្រូវបានគេរំពឹងថានឹងមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយបញ្ហាការរំលោភលើដីចំណីផ្លូវទាំងឡាយត្រូវបានដោះស្រាយ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន
រូបភាព: Phnom Penh post