|

នាយកដ្ឋានពន្ធដារស្រាយបំភ្លឺថា ពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ


ថ្មីៗនេះសាធារណជន ជាពិសេសអ្នកលេងបណ្ដាញសង្គមកម្ពុជាបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅលើបញ្ហាពន្ធ ដោយមានការជជែកទាក់ទងទៅនឹងការយកពន្ធលើចំណេញមូលធន ការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្ដាលមកពីការយកពន្ធ ការតំលើងពន្ធព្រលានយន្តហោះចំពោះអ្នកដំណើរ និងភ្ញវទេសចរ និងការប្រមូលពន្ធ១% ពីអ្នកខ្ចីលុយពីធនាគារជាដើម។

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីបំភ្លឺជារួមជុំវិញការលើកឡើងតាមរយៈបណ្ដាញសង្គមអំពីបញ្ហាពន្ធនេះផងដែរ។ ឆ្លើយតបទៅនឹងការលើកឡើងថា មានការអនុវត្តប្រមូលពន្ធ១% ពីអ្នកខ្ចីលុយពីធនាគារ អគ្គនាយកដ្ឋានពន្ធដារ បានស្រាយបំភ្លឺថា នេះជាការលើកឡើងមិនត្រឹមត្រូវនោះទេ។ អគ្គនាយកដ្ឋានពន្ធដារបានបំភ្លឺថា យោងតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន ពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ។

តាមរយៈសេចក្ដីបំភ្លឺនេះដែរ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយក្នុងចំណោមស្ថាប័នដែលឈានមុខគេ ក្នុងការកែទម្រង់ ជាសេសការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈទាំងអស់ធ្វើការឈ្វែងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវៀងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រឡំ៕

ប្រភពៈ អគ្គនាយកដ្ឋានពន្ឌដារ
រូបភាពៈ Harbor Property