ឯកឧត្តម ហង់ជួន ណារ៉ុន នឹងចេញប្រធានបទសំណេរមួយដោយផ្ទាល់ ដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ


កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា។ ក្នុងកិច្ចជំនួបពិភាក្សានេះដែរ ឯកឧត្តម លីម ប៊ុនហុក ក៏បានលើកឡើងនូវគម្រោងមួយស្តីពីការរៀបចំ កម្មវិធី សរសេរតាមអាន«សំណេរអង្គរ» ក្នុងគោលបំណងដើម្បី លើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល ដោយឯកឧត្តមបានស្នើសុំកិច្ចសហការ រៀបចំ គាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈហើយក៏ជាមធ្យោបាយមួយសម្រាប់ទាញយកចំណាប់អារម្មណ៍របស់ សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ និងអនុញ្ញាតឲ្យអ្នកចូលរួមដោយ ផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុនៃសំណេរនេះផងដែរ ។ ជាក់ស្ដែង តាមរយៈការប្រកួតសរសេរតាមអាន ដែលមានចំណងជើងថា «សំណេរអង្គរ» អ្នកចូលរួមនឹងទទួលបានចំណេះដឹងទូទៅ ជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។

បន្ថែមពីនោះឯកឧត្តមអគ្គលេខាធិការរងរដ្ឋសភាក៏បាន ស្នើសុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដើម្បីដាក់ចេញប្រធានបទ សម្រាប់ការសរសេរតាមអាន«សំណេរអង្គរ» ដែលគ្រោងនិងរៀបនាពេលខាងមុខ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លើយតប និងការស្នើសុំកិច្ចសហការ រៀបចំ គាំទ្រខាងលើនេះ នឹងចាត់តាំងមន្ត្រីជំនាញបច្ចេកទេស ក្នុងការងាររៀបចំកម្មវិធីសរសេរតាមអាន «សំណេរអង្គរ» នេះឱ្យបានត្រឹមត្រូវ តម្លាភាពតាមបច្ចេកទេស នៃការប្រឡង ដោយមានគណៈកម្មាការរៀបចំប្រឡង គណៈកម្មាការអនុរក្ស និងគ្រូកំណែ ត្រឹមត្រូវតាមស្តង់ដាដែលបានកំណត់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី នឹងដាក់ចេញនូវប្រធានបទដោយ ឯកឧត្តម ផ្ទាល់ ដែលសមស្របតាមកម្រិតលក្ខខណ្ឌផ្សេងៗនៃកម្មវិធី ៕

MoEYS