|

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាកម្ពុជាមិនខុសទេ ព្រោះសូម្បីអាមេរិកក៏ប្រកាន់គោលនយោបាយ «ចិនតែមួយ» ដែរ


នេះជាប្រសាសន៍អះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និងនិយោជិត ចំនួន ១៨ ១០៤នាក់ មកពីបណ្ដារោងចក្រ សហគ្រាស មានមូលដ្ឋាននៅស្រុកបាទ ខេត្តតាកែវ។

សម្ដេចបានមានប្រសាសន៍ថា សម្រាប់គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧នេះ គឺប្រកាន់គោលជំហរនិរន្តរភាព និងសង្គតិភាព ដោយឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យជាតិ តម្កល់ផលប្រយោជន៍ជាតិជាធំ ដែលជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមានពីមុន។ នេះជាគោលនយោបាយការបរទេសរបស់កម្ពុជាជាមួយគ្រប់ប្រទេសទាំងអស់ មិនមែនចំពោះតែប្រទេសណាមួយនោះទេ។

ពាក់ព័ន្ធនឹងមតិមួយចំនួនដែលបានលើកឡើងថា អន្តរជាតិបានថ្កោលទោសកម្ពុជាចំពោះគោលននយោបាយចិនតែមួយ សម្ដេចធិបតីបានថ្លែងថា សមាជិកអង្គការសហប្រជាជាតិមានចំនួន១៩៣ប្រទេស ក្នុងនោះមាន ១៨១ប្រទេស គឺប្រកាន់ជំហរចិនតែមួយ រួមទាំងអាមេរិកផងដែរ។ ដូច្នេះ កម្ពុជាប្រកាន់ជំហរចិនតែមួយ មិនខុសនោះទេ។

សម្ដេចបានបន្ថែមថា មិនមែនជារឿងខុសឆ្គងនោះទេ ដែលយើងព្យាយាមបង្កើនមិត្តឱ្យច្រើនលើឆាកអន្តរជាតិ ជាជាងការបង្កើនសត្រូវ។ ផ្ទុយទៅវិញ យើងគួរអបអរសាទរនៅពេលកម្ពុជាមានមិត្តកាន់តែច្រើន ដើម្បីទាញយកផលប្រយោជន៍សម្រាប់ជាតិយើងឱ្យកាន់តែច្រើន។ សម្ដេចបានថ្លែងទៅកាន់ប្រជាជាតិឱ្យមានការជឿជាក់ថា រាល់ការធ្វើអ្វីមួយរដ្ឋាភិបាលតែងគិតលើផលប្រយោជន៍ជាតិជាធំ និងមិនអាចធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិនោះទេ៕