|

ឯកឧត្តម នួន ផារ័ត្ន លើកសំណើកែប្រែភ្លើងសញ្ញា គំនូស និងទិសចរាចរណ៍នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ


កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី អញ្ជើញចូលរួមជាមួយលោក Kazumasa Sanui ប្រធាន JICA ប្រចាំនៅកម្ពុជា បិទកិច្ចប្រជុំ JCC លើកទី៣ ស្តីពី « គម្រោងអភិវឌ្ឍន៍សមត្ថភាពលើផែនការគ្រប់គ្រងចរាចរណ៍គ្រប់ជ្រុងជ្រោយ និងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ»។

ជាលទ្ធផល កិច្ចប្រជុំបានសម្រេចលើកសំណើជូនឯកឧត្តមអភិបាលរាជធានី ដើម្បីពិនិត្យសម្រេចកែប្រែភ្លើងសញ្ញា គំនូស និងទិសចរាចរណ៍ចំនួន ៧ ទីតាំង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ជាក់ស្តែងនៅក្នុងតំបន់មួយចំនួន រួមមាន តំបន់ខាងជើងបឹងកក់ តំបន់ទួលគោក តំបន់វត្តនាគវ័ន្ត តំបន់ក្តាន់ពីរ តំបន់សក្យមុនីចេតិយ តំបន់ផ្លូវ២០០៤ និងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងតំបន់ច្បារអំពៅ។

គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលបំណងធ្វើអោយប្រសើរឡើងនូវបរិយាកាសដឹកជញ្ជូននៅទីក្រុងភ្នំពេញប្រកបដោយនិរន្តរភាព តាមរយៈប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យចរាចរណ៍តំបន់ ដែលត្រូវបានណែនាំ និងដាក់ឱ្យដំណើរការនៅខែធ្នូឆ្នាំ ២០១៨ ក្រោមជំនួយឥតសំណងពីប្រទេសជប៉ុន។

សូមជម្រាបផងដែរថា ការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅរាជធានីភ្នំពេញ គឺជាសសរស្តម្ភមួយយ៉ាងសំខាន់នៅក្នុងផែនការមេ ស្តីពីការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនរបស់រាជធានីភ្នំពេញ ដែលសម្រេចបាននៅឆ្នាំ២០១៤។ នេះដោយយោងតាមការគូសបញ្ជាក់របស់ ឯកឧត្តម នួន ផារ័ត្ន។