ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានកាយរឹទ្ធិជាតិកម្ពុជា បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិទាំងអស់ ត្រូវលើកតម្កើន និងត្រូវរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ
កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានចូលជួបសម្តែងការគួរសម ទទួលអនុសាសន៍ និងជម្រាបលាសម្រាប់ការធ្វើដំណើរនៅយប់រំលងអាធ្រាតនៃថ្ងៃដដែល ដើម្បីទៅចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានកាយរឹទ្ធិជាតិកម្ពុជា បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិទាំងអស់ ត្រូវលើកតម្កើន និងត្រូវរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ និយាយជារួម និងកិត្តិយសរបស់យុវជនកាយរឹទ្ធិកម្ពុជានិយាយដោយឡែក តាមរយៈការចូលរួមគ្រប់សកម្មភាពនានាក្នុងជំរំ សិក្សារៀនសូត្រនូវជំនាញ បំណិនថ្មីៗ និងធ្វើខ្លួនឱ្យក្លាយទៅជាទូតសុច្ឆទៈ ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងល្អក្នុងស្មារតីមិត្តភាព និងសន្តិភាពជាមួយសមាជិកជំរំមកពីប្រទេសដ៏ទៃទៀត។
សូមជម្រាបថា នេះជាលើកទី៦ ហើយដែលកម្ពុជា បានចូលរួមការក្នុងការបោះជំរំកាយរឹទ្ធិពិភពលោក ហើយសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរំ ជាមួយនឹងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កាយរឹទ្ធិជាតិកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសកម្រឹតថ្នាក់ដឹកនាំ ចូលរួមក្នុងពិធីបើក សម្របសម្រួល ពិនិត្យ និងវាយតម្លៃលើការចូលរួម និងការរៀបចំកម្មវិធី៕
ប្រភព: MoEYS Cambodia