ប្លាស្មារបស់អ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចជួយដល់អ្នកជំងឺដែលកំពុងផ្ទុកបាន?


យោងតាមគេហទំព័រផ្លូវការ theguardian ដែលបានចុះផ្សាយកាលពីម្សិលមិញនេះបានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតបានរកឃើញភស្តុតាងបណ្ដោះអាសន្នថា អ្នកដែលកំពុងផ្ទុកជំងឺកូវីដ១៩ ធ្ងន់ធ្ងរ អាចទទួលលទ្ធផលល្អប្រសើរពីការបញ្ចូលប្លាស្មាឈាមរបស់អ្នកជំងឺដែលជាសះស្បើយ ។

គេហទំព័រខាងលើបានបន្តថា ក្រុមគ្រូពេទ្យពីរក្រុមដែលកំពុងធ្វើការនៅមន្ទីរពេទ្យពីរផ្សេងគ្នាក្នុងប្រទេសចិន បានបញ្ចូលប្លាស្មាដែលមានអង់ទីករពីអ្នកដែលជាសះស្បើយ ទៅដល់អ្នកជំងឺដែលកំពុងផ្ទុកជំងឺកូវីដ១៩ធ្ងន់ធ្ងរចំនួន ១៥ នាក់។ បន្ទាប់មកពួកគាត់បានកត់សម្គាល់ឃើញថា មានភាពល្អប្រសើរឡើងគួរឲ្យកត់សម្គាល់នៅក្នុងខ្លួនរបស់ពួកគេទាំងនោះ។

គួរបញ្ជាក់ផងដែរថា ការព្យាបាលតាមវិធីខាងលើ ពោលគឺការប្រើប្លាស្មារបស់អ្នកដែលជាសះស្បើយនេះ មានដើមកំណើតតាំងពីមុនជំងឺឆ្លង Spanish Flu ឆ្នាំ ១៩១៨មកម្លេះ ដែលគេជឿថាវាជួយដល់ការបំផ្លាញវីរុសយ៉ាងឆាប់រហ័ស និងជំរុញឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺកាន់តែមានសក្ដានុពលឡើងក្នុងការការពាររាងកាយ៕

អត្ថបទ៖ យុវជនប្រេនបូឌា ហួន ឌីណា

រូបភាព៖ Andreas Gebert/Reuters

ប្រភព៖ https://www.theguardian.com/…/plasma-from-coronavirus…