|

ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ជូនដៃគូអំពីសំណើវិនិយោគដ៏មានសក្តានុពលមួយសម្រាប់រាជធានីភ្នំពេញ


កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបជាមួយលោក Bertrand AMBROISE ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃមជ្ឈមណ្ឌលផ្គត់ផ្គត់ទំនិញគ្រឿងឧបភោគបរិភោគអន្តរជាតិ « រាំងហ្សីសស៍ – Rungis » របស់សាធារណរដ្ឋបារាំង និងជាតំណាងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រចំនួន ១.១៤៦ ក្រុមហ៊ុន នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគ លើទឹកដីនៃរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តមបានជម្រាបជូន លោក Bertrand AMBROISE ថា រាជធានីភ្នំពេញពិតជាចង់បានការវិនិយោគបង្កើតជាមជ្ឈមណ្ឌលផ្គត់ផ្គត់ទំនិញគ្រឿងឧបភោគបរិភោគកម្រិតអន្តរជាតិមួយ ដែលការបង្កើតមជ្ឈមណ្ឌលនេះ នឹងក្លាយជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ក៏ដូចជាដើម្បីលើកកម្ពស់ផលិតផលកសិកម្ម ការជំរុញការនាំចេញរបស់កម្ពុជា។

ជាមួយគ្នានេះ ក៏ជាការចងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-បារាំង ចងក្រងបណ្តុំ ការបង្កើតទីផ្សារកសិផលមួយដែលឆ្លើយតបនឹងតម្រូវការ និងស្តង់ដាទីផ្សារប្រទេសបារាំងផងដែរ។

គួរបញ្ជាក់ថា នេះជាគម្រោងដ៏មានសក្តានុពលមួយសម្រាប់រាជធានីភ្នំពេញ ដោយទីផ្សារអន្តរជាតិ Rungis (បារាំង៖ Marché International de Rungis) គឺជាទីផ្សារសំខាន់នៃទីក្រុងប៉ារីស និងជាទីផ្សារលក់ដុំធំជាងគេទីពីរក្នុងពិភពលោក បន្ទាប់ពី La Central de Abastos ដែលមានទីតាំងនៅទីក្រុងម៉ិកស៊ិកដែលមានផ្ទៃដី ៣២៧ ហិកតា (៨១០ហិចតា) ។