ស្វែងយល់អំពីការរបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាម
ថ្ងៃព្រហស្បតិ៍ ទី១ ខែម៉ារ៉ាឌន ឆ្នាំ១៤៤៤ មូហាម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ជាថ្ងៃដែលសាសនិកខ្មែរ-អ៊ីស្លាមនៅកម្ពុជា និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ នឹងបួសខែម៉ារ៉ាឌន។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចេញសារអបអរសាទរ និងជូនពរសិរីសួស្ដី ជូនដល់បងប្អូនសាសនិកខ្មែរ-ឥស្លាមទាំងអស់ ក្នុងឱកាសនេះផងដែរ។ ម៉ារ៉ាឌន ជាឈ្មោះខែទី៩ ក្នុងសាសនាឥស្លាម។ នៅក្នុងខែនេះ មានពីធីបុណ្យដ៏ធំនៃសាសនាឥស្លាម និងជាពេលវេលាដែលសាសនិកឥស្លាមនៅទូទាំងពិភពលោកបួសតមអហារ។ សាសនិកឥស្លាមដែលមានអាយុចាប់ពី១៤ ឬ១៥ឆ្នាំឡើង នឹងតមអាហាររយៈពេលជាង១០ម៉ោង ចាប់ពីវេលាជិតភ្លឺ រហូតដល់ថ្ងៃលិច លើកលែងតែអ្នកមានជំងឺ ឬមនុស្សចាស់ជរា។ ជាមួយគ្នានេះ ចំពោះកុមារ ស្រ្តីមានផ្ទៃពោះ គឺអាចផ្អាកការបួសនេះបាន។
ការបួសនេះ គឺជាកាតព្វកិច្ចនៃសាសនិកឥស្លាម។ ខែម៉ារ៉ាឌនគឺជាខែដែលមានលក្ខណៈពិសេស ដោយជាខែដែលព្រះអាឡោះជ្រើសរើសដើម្បីកំណត់នូវកិច្ចការផ្សេងៗ ដែលកើតឡើងក្នុងរយៈពេល១ឆ្នាំ។ សាសនិកឥស្លាមមានជំនឿថា ការបួសក្នុងខែម៉ារ៉ាឌននេះ នឹងទទួលបានផលបុណ្យដ៏ធំធេងពីព្រះអាឡោះ ជាងការបួសក្នុងខែផ្សេងៗ។
គោលការណ៍រួមនៃការបួសនេះ ក្រៅអំពីការបំពេញកាតព្វកិច្ច គឺចង់ឱ្យអ្នកប្រតិបត្តិមានភាពងាយស្រួល បង្រៀនអ្នកបួសឱ្យមានការអត់ធ្មត់ខ្ពស់ ចេះអត់ទ្រាំ មានសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង គ្រប់គ្រងលើចំណង់តណ្ហា និងប្រការអាក្រក់ផ្សេងៗ។ លើសពីនេះ គឺការយល់ដឹងពីភាពលំបាកវេទនា របស់អ្នកដែលកំពុងស្រេកឃ្លាន ខ្វះខាតអាហារបរិភោគ ហើយបង្រៀនមនុស្សឱ្យមានចិត្តសប្បុរស ដោយចេះចែករំលែកទៅអ្នកដែលក្រខ្សត់។
គួរបញ្ជាក់ថា បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះ រាជរដ្ឋាភិបាល នឹងរៀបចំឡើងវិញ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២៣ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់៕
រូបភាពៈ Samdech Hun Sen, Cambodian Prime Minister