បុណ្យគ្រីស្ទស្មាស់ (Christmas) ក្នុងទិដ្ឋភាពមួយថ្មីនៃបរិបទកូវីដ-១៩


ថ្ងៃបុណ្យគ្រីស្ទស្មាស់ ឬភាគច្រើនត្រូវបានគេស្គាល់ថា «បុណ្យណូអែល» នឹងប្រព្រឹត្តឡើងជាធម្មតា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ប៉ុន្តែស្ថិតនៅក្នុងទិដ្ឋភាពមួយថ្មីនៃបរិបទកូវីដ-១៩។

បុណ្យគ្រីស្ទស្មាស់ គឺជាឱកាសឈប់សម្រាកដ៏ធំបំផុតប្រចាំឆ្នាំ និងជាពេលដ៏សែនមនោរម្យរបស់ប្រជាជននៃលោកខាងលិច ក៏ដូចជាគ្រិស្ដសាសនិកជនជុំវិញពិភពលោក ដើម្បីរំឭកដល់ថ្ងៃប្រសូត្ររបស់ព្រះយេស៊ូគ្រិស្ដ។

បុណ្យគ្រីស្ទស្មាស់ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅថ្ងៃទី២៥ ខែធ្នូ សតវត្សរ៍ទី៤ ក្នុងទីក្រុងរ៉ូម នៃចក្រភពរ៉ូមុំាង។ គ្រិស្តសាសនិកជនតែងរៀបចំពិធីនេះឡើង ក្នុងគោលបំណងចងចាំនូវថ្ងៃចាប់កំណើតរបស់ព្រះយេស៊ូគ្រិស្ត។ អំឡុងពេលដ៏រីករាយនេះ គេនិយមផ្លាស់ប្ដូរកាដូគ្នាជាអំណោយឆ្នាំថ្មី តុបតែងដើមគ្រីស្ទស្មាស់ ទៅព្រះវិហារ ជាពិសេសមានការទទួលអាហារជាលក្ខណៈគ្រួសារថែមទៀតផង។

ក្រឡេកទៅមើលឆ្នាំ១៨៨៩ លោកប្រធានាធិបតីទី២៣ របស់សហរដ្ឋអាមេរិក គឺលោក Benjamin Harrison (1889-1893) បានអនុញ្ញាតឱ្យដាំដើមគ្រីស្ទស្មាស់ និងរៀបចំពិធីអបអរសាទរយ៉ាងអធិកអធមនៅសេតវិមាន។ ក្រោយៗមកទៀត ពិធីបុណ្យនេះ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗគិតចាប់តាំងពីសតវត្សរ៍ទី១៩រហូតមកដល់បច្ចុប្បន្ន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មិនត្រឹមតែអ្នកមានជំនឿលើគ្រិស្តសាសនាប៉ុណ្ណោះទេដែលប្រារព្ធបុណ្យនេះ សូម្បីតែប្រជាជនតាមបណ្តាប្រទេសដែលមិនមែនជាគ្រិស្ដសាសនិកជនក៏ចូលរួមអបអរសាទរជាប្រក្រតី ដោយមិនមានការប្រកាន់អ្វីនោះឡើយ។ ពោល វាត្រូវបានគេរៀបចំឡើងនៅទូទាំងពិភពលោក និងមានលក្ខណៈជាសកល។ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ក៏សង្កេតឃើញមានការរៀបចំតុបតែងលម្អដើម្បីត្រៀមទទួលស្វាគមន៍ពិធីនេះជារៀងរាល់ឆ្នាំពុំដែលអាក់ខានផងដែរ។

សម្រាប់ឆ្នាំ២០២០នេះវិញ បុណ្យគ្រីស្ទស្មាស់នៅតែមានការរៀបចំជាធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំជួបជុំគ្នាដូចរៀងរាល់ឆ្នាំទេ ដោយតម្រូវឱ្យគោរពទៅតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ត្បិតកូវីដកំពុងបន្តមានវត្តមាននៅឡើយ៕

ប្រភព៖ CNN

Model: Maredy

បកប្រែ និងនិពន្ធដោយ៖ យុវជនស្ម័គ្រចិត្តប្រេនបូឌា Nai Anavin

កែសម្រួលដោយ៖ យុវជនស្ម័គ្រចិត្តប្រេនបូឌា Phal Sreynoch