|

អ្វីដែលយើងត្រូវដឹងអំពីមេរោគកូវីដបម្លែងថ្មី XBB ដែលមានការរីករាលដាលលឿនបំផុត


XBB បង្កជាករណីឆ្លងច្រើនជាង ២៧%នៃករណី COVID ទូទាំងប្រទេសក្នុងសប្តាហ៍ដំបូងនៃខែមករា។បន្ទាប់ពីរយៈពេលបីឆ្នាំនៃការរីរាលដាលជំងឺកូវីដ-១៩ ពេលនេះ កូវីដ-១៩ ពាននាំមកនូវមេរោគបម្លែងថ្មី ប្រភេទ XBB.1.5 ដែលជាវីរុសដែលអាចឆ្លងបានច្រើនបំផុត ក្នុងចំណោមវីរុសផ្សេងៗ។

កាលពីដើមខែធ្នូ វីរុសបម្លែងថ្មីប្រភេទ XBB មានត្រឹមតែជាង ២%នៃករណី COVID នៅទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ ត្រឹមសប្តាហ៍ដំបូងនៃឆ្នាំថ្មី ចំនួននេះបានកើនឡើងដល់ជាង ២៧%។ វីរុសដំបូងបានរីករាលដាលយ៉ាងទូលំទូលាយនៅភាគឦសានសហរដ្ឋអាមេរិក ខណៈករណីដំបូងត្រូវបានរកឃើញនៅមន្ទីរពេទ្យរដ្ឋ Iowa ដោយក្រុមគ្រូពេទ្យបាននិយាយថាអ្នកជំងឺមួយចំនួន ស្ទើរតែមិនអាចទ្រាំទ្របាន។

ដោយឡែក ចំពោះXBB គឺមានរោគសញ្ញាមិនខុសពី COVID ធម្មតាដូចជា ក្អក អស់កម្លាំង បាត់បង់រសជាតិ និងក្លិន។ ក្រុមអ្នកជំនាញ បាននិយាយថា អ្នកដែលមិនធ្លាប់ឆ្លងមេរោគកូវីដ-១៩ ក្នុងអំឡុងពេលមានរលក Omicron ឬអ្នកដែលត្រូវបានចាក់ថ្នាំបង្ការ ប៉ុន្តែមិនទាន់បានទទួលវ៉ាក់សាំងដូសជំរុញថ្មីៗ អាចនឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងរោគ ។

ជាមួយគ្នានេះ XBB មានសមត្ថភាពខ្លាំងក្នុងការគេចពីឧបសគ្គនៃប្រព័ន្ធភាពស៊ាំដែលបង្កើតឡើងដោយវ៉ាក់សាំង និងការឆ្លងពីមុន។ ជាមួយនឹងកម្រិតនៃការការពារថយចុះ ក្នុងរយៈពេលមួយបន្ទាប់ពីឆ្លងមេរោគ BA.5 ហានិភ័យនៃការឆ្លងមេរោគលើកទី ២ នឹងកើនឡើងខ្ពស់នៅពេលដែលជួបប្រទះនឹងមេរោគដែលមានសមត្ថភាពការពារភាពស៊ាំខ្លាំង នេះបើយោងតាម Li Tongzeng ប្រធានគ្រូពេទ្យផ្នែកផ្លូវដង្ហើម និងជំងឺឆ្លង។

ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លងឡើងវិញកើតឡើងជាចម្បងចំពោះអ្នកដែលមានភាពស៊ាំខ្សោយ ហើយអ្នកដែលមានមុខងារប្រព័ន្ធភាពស៊ាំធម្មតាទំនងជាមិនសូវត្រូវបានឆ្លងមេរោគឡើងវិញក្នុងរយៈពេលដ៏ខ្លី ហើយរោគសញ្ញានៃការឆ្លងឡើងវិញជាធម្មតាស្រាលជាងពេលដំបូងដែលត្រូវបានឆ្លង។

យ៉ាងណាមិញ ចំណុចសំខាន់ ឬមធ្យោបាយដ៏ល្អបំផុត ដើម្បីការពារខ្លួនអ្នកពីជំងឺនេះ គឺក្រៅពីការចាក់វ៉ាក់សាំង គឺត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ហើយព្យាយាមដាក់ខ្លួនអ្នកឱ្យនៅដាច់ដោយឡែកនៅពេលណាដែលអ្នកមានអារម្មណ៍ឈឺ។ ទាំងនេះនៅតែជាកត្តាគន្លឹះ ដើម្បីការពារខ្លួនពីមេរោគឆ្លង៕

ប្រភព៖ Weareiowa.com, China Daily