ជប៉ុនជួយបណ្តុះបណ្តាលវិក្រឹត្យការអ្នកជំនាញស្ប៉ា-ម៉ាស្សាកម្ពុជា ដើម្បីត្រៀមទទួលទេសចរជប៉ុន
កម្ពុជា ទទួលបានការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ានិងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ពីសំណាក់រដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីត្រៀមទទួលទេសចរជប៉ុន ក៏ដូចជាសំដៅលើកស្ទួយវិស័យទេសចរណ៍កម្ពុជាផងដែរ។
មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលលើកទី២នៅខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជា ក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ាអោយកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាលជំនាញស្ប៉ានេះ ស្របតាមស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក គាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាស្តង់ដាអាស៊ានសម្រាប់ជំនាញស្ប៉ានេះ។
«ជំនាញស្ប៉ាម៉ាស្សានេះទាមទារឲ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ពីប្រព័ន្ធប្រសាទ និងសាច់ដុំ ដើម្បីផ្ដល់សេវាបែបព្យាបាលផង និងផាសុកភាព»។ នេះបើតាមការលើកឡើងរបស់ លោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។
គួរជម្រាបថា កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូប។ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានបន្តវគ្គបណ្តុះបណ្តាលលើកទី២នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប ក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប តាមប្រព័ន្ធអនឡាញ (Zoom)៕
ប្រភព៖ ក្រសួងទេសចរណ៍