| |

«ដៃម្ខាងត្រូវពង្រឹងសន្តិភាព ដៃម្ខាងត្រូវជំរុញការអភិវឌ្ឍ នេះជាយុទ្ធសាស្ត្រចម្បងរបស់គណៈបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា»


ថ្លែងប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនេះ សម្ដេច បានគូសបញ្ជាក់ថា ឆ្នាំ២០២២ នេះជាឆ្នាំដែលយើងមានសកម្មភាពកាទូតដ៏រស់រវើក ស្របពេលដែលពិភពលោកស្ថិតក្នុងស្ថានភាពដ៏តានតឹង។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន យើងបានសម្រេចកិច្ចការដ៏ល្អ និងបានបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយអនុញ្ញាតឱ្យមានការជួបជុំដ៏មានសារៈសំខាន់រវាងសមាជិកទាំងអស់ រួមទាំងប្រទេសជាដៃគូ តាមរយៈកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ ជាមួយគ្នានេះ យើងបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចតភ្ជាប់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយនៃតំបន់អាស៊ាន បើទោះបីជាយើងបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺឆ្លងដ៏លំបាកក៏ដោយ។

សម្ដេច ក៏បានឆ្លុះបញ្ចាំងឱ្យឃើញថាសមិទ្ធផលទាំងឡាយ អាចសម្រេចបានដោយសារមានសន្តិភាព។ ទន្ទឹមនឹងនេះ ការរក្សាឱ្យបាននូវសន្ដិភាពមិនអាចគង់វង្សបានទេ ប្រសិនបើគ្មានការអភិវឌ្ឍ។ ដូចនេះ កត្តាសន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា។

សម្ដេច បានបន្តថា ការបំពេញឱ្យគ្នារវាងសន្តិភាព និងការអភិវឌ្ឍ គឺនៅតែជាយុទ្ធសាស្ត្រចម្បងរបស់គណៈបក្សប្រជាជនកម្ពុជា ក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជា។ ដៃម្ខាង ពង្រឹងសន្តិភាពឱ្យបាន និងដៃម្ខាង ត្រូវតែជំរុញការអភិវឌ្ឍ ដោយយកសន្តិភាពជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព។

គួរបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នាព្រឹកនេះ មានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC ដែលត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់ប្រទេសចិន និងប្រើរយៈពេលក្នុងការសាងសង់ចំនួន៤០ខែ។ គម្រោងសាងសង់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ និងត្រូវចំណាយថវិកាប្រមាណជាង១១៧លានដុល្លា ដែលថវិកាមួយចំណែក ជាឥណទានសប្បទានពីរដ្ឋាភិបាលនៃប្រទេសចិន៕

ប្រភព: Samdech Hun Sen, Cambodian Prime Minister