ភ្លៀងធ្លាក់២ថ្ងៃ បង្កជាទឹកជំនន់ ដែលនាំឱ្យមនុស្សជាង៤ម៉ឺននាក់ត្រូវជម្លៀសខ្លួន និង៨នាក់បានស្លាប់ក្នុងប្រទេសហ្វីលីពីន អំឡុងពេលអបអរបុណ្យណូអែល
នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន បានទទួលរងនូវភ្លៀងធ្លាក់ពីមធ្យមទៅច្រើន រយៈពេលពីរថ្ងៃ បានបង្កឱ្យមានការជន់លិច ខាតបង់ទ្រព្យសម្បត្តិ និងបង្កការលំបាកដល់មនុស្សជាតិជាច្រើន ដោយក្នុងនោះមានមនុស្សជិត ៤៦,០០០ នាក់ត្រូវបានជម្លៀសខ្លួន និងយ៉ាងហោចណាស់មានមនុស្ស ១៩ នាក់ទៀតកំពុងស្ថិតក្នុងការបាត់ខ្លួន។
យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសហ្វីលីពីនបានរាយការណ៍ថា ក្នុងហេតុការណ៍នេះ មានអ្នកស្លាប់យ៉ាងតិចប្រាំបីនាក់ ក្នុងនោះប្រាំនាក់បានស្លាប់ដោយសារលង់ទឹក ដែលជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តភាគខាងត្បូង ខណៈពេលដែលប្រជាជនជាច្រើនកំពុងប្រារព្ធពិធីបុណ្យណូអែល។
ក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់ មាន៦នាក់នៅក្នុងខេត្ត Misamis Occidental ដែលតំបន់ភ្នំ និងឆ្នេរ។ អ្នកស្រុក Misamis Occidental ឈ្មោះ Estela Talaruc បានប្រឈមនឹងការខ្វះខាតស្បៀងអាហារ ដោយពួកគេបានត្អូញត្អែរពីទុក្ខលំបាក ដែលគ្មានសល់សូម្បីសម្លៀកបំពាក់។
គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ដែលជាប្រជុំកោះជាង ៧,៦០០កោះ ដែលមានព្យុះត្រូពិចជាមធ្យមចំនួន ២០ ក្នុងមួយឆ្នាំ។ ជាមួយនឹងលក្ខខណ្ឌអាកាសធាតុមិនល្អដូចជាភ្លៀងមូសុង – ដែលបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ និងការខូចខាតដំណាំ – មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍៕
ប្រភព៖ Reuters