ក្រសួងកសិកម្ម កំណត់គោលការណ៍ទិញស្រូវសម្រាប់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ករណីឈ្មួញអនុវត្តខុសតម្លៃប្រជាកសិករអាចរាយការណ៍ទៅមេឃុំ ឬមន្ទីរខេត្តដើម្បីទទួលការអន្តរាគមន៍
យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីអំពីវឌ្ឍនភាពនៃដំណោះស្រាយចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្រោយពីក្រសួងបានចុះទៅដោះស្រាយបញ្ហាថ្លៃស្រូវជូនបងប្អូនប្រជាកសិករនៅខេត្តបាត់ដំបង ក្រុមការងារបានបន្តដំណើរ ចុះទៅពិនិត្យ និងដោះស្រាយបញ្ហាថ្លៃស្រូវនៅខេត្តបន្ទាយមានជ័យជាបន្តទៀត។
កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធរួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ិនកិនស្រូវបៃតង ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ លោក លោកស្រី អភិបាលស្រុក មេឃុំតំណាងរោងម៉ាស៊ិនកិនស្រូវ និងអ្នកប្រមូលទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ិនកិនស្រូវ។
ជាលទ្ធផលក្រោយកិច្ចប្រជុំ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បានសម្រេចប្រកាសកំណត់យកថ្លៃគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនក្រោម៩បាតក្នុងមួយគីឡូ ឬ ១០៤០រៀល នៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ិនកិនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យឱ្យចុះប្រមូលទិញដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ការអនុវត្តនឹងចាប់ផ្ដើមពីគោលដៅចំនួន៨ទីតាំងរួមមាន ១ទីតាំងនៅស្រុកភ្នំស្រុក ១ទីតាំងនៅស្រុកព្រះនេត្រព្រះ ៣ទីតាំងនៅស្រុកស្វាយចេក និង៣ទីតាំងនៅស្រុកថ្មពួក។
ក្នុងករណីមានបញ្ហាអ្នកទិញអនុវត្តមិនត្រឹមត្រូវ ប្រជាកសិករអាចទាក់ទងជាមួយមេឃុំ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីទទួលបានការអន្តរាគមន៍៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ