ឯកឧត្តម នួន ផារ័ត្ន ចែករំលែកពិសោធន៍របស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិកាអភិបាលក្រុងអាស៊ាន


កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ  ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលពិគ្រោះយោបល់របស់វេទិកាអភិបាលក្រុងអាស៊ាន ក្រោមប្រធានបទ «ការងារស្ដារ និងអភិវឌ្ឍទីក្រុង ក្នុងគន្លងប្រក្រតីភាពថ្មី» នៅទីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំពិគ្រោះយោបល់របស់វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum) ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការរួមចំណែក ចំពោះសមាហរណកម្មក្នុងតំបន់របស់អាស៊ាន។ វេទិកានេះ បានក្លាយជាកិច្ចការដ៏សំខាន់ ក្នុងការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងការចែករំលែកយុទ្ធសាស្ត្រដែលអាចជួយពន្លឿនវឌ្ឍនភាពសង្គម និងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។

តំណាងឱ្យកម្ពុជា ឯកឧត្តម នួន ផារ័ត្ន បានចែករំលែកពិសោធន៍របស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ដើម្បីជាការរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ដែលមានការងារសំខាន់ៗរួមមាន៖ ការបន្តការយកចិត្តទុកដាក់លើការបង្ការការឆ្លងរាលដាលជំងឺកូវីដ -១៩ ដោយមធ្យោបាយចាក់វ៉ាក់សាំង និងវិធានការ៣កុំ និង៣ការពារ។ តាមរយៈយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាពបើកដំណើរការឡើងវិញតាំងពីខែវិច្ឆិកាឆ្នាំទៅ។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថា សម្រេចបាននូវកំណើន៥.៤% នៅឆ្នាំ២០២២២ ដែលគាំទ្រដោយសម្ទុះដ៏រឹងមាំក្នុងវិស័យផលិតកម្ម ទេសចរណ៍ និងកសិកម្ម។ មួយវិញទៀត គឺការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមូលដ្ឋាន ការគិតគូរជួយដល់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះ ការជំរុញបរិវត្តកម្មឌីជីថល និងការពង្រឹងសមត្ថភាព និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ទាំងនេះ ជាចំណុចសំខាន់ៗសម្រាប់រាជធានីភ្នំពេញយើង ក្នុងការរៀបចំសម្រាប់អនាគត និងយុគសម័យនៃការផ្លាស់ប្ដូរឌីជីថលសកល ហើយក៏ជាដំណើរនៃការឆ្ពោះទៅមុខជាមួយនឹងគោលបំណងតែមួយ គឺការផុសឡើងរួមគ្នា កាន់តែធំ រឹងមាំជាង និរន្តរភាព និងភាពធន់នៃអាស៊ាន។

គួរបញ្ជាក់ផងដែរថាវេទិការពិគ្រោះយោបល់នេះ មានការចូលរួមពីលោកស្រី Bernadia Irawati Tjandradewi អគ្គលេខាធិកានៃវេទិកាអភិបាលក្រុងអាស៊ាន លោក Emil Elestianto Dardak អភិបាលរងខេត្ត East Java លោក Datuk Seri Mahadi Che Nhah អភិបាលទីក្រុងកូឡាឡាំពួរ និងបណ្ដាអភិបាលទីក្រុងអាស៊ានជាច្រើនរូបទៀត៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ NUON Pharath- នួន ផារ័ត្ន, uclg-aspac.org