ភាពជោគជ័យក្នុងការគ្រប់គ្រងលើកូវីដ-១៩ នាំកម្ពុជាកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០


កម្ពុជាបានក្លាយជាប្រទេសជោគជ័យមួយនៅអាស៊ីអាគ្នេយ៍ សម្រាប់យុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាការរាតត្បាតនៃរោគឆ្លង។ សមិទ្ធផលនេះ បានធ្វើឱ្យប្រទេសនានាក្នុងតំបន់មានការសរសើរចំពោះជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។ 

សម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ប្រហែល ១/៥ នៃ GDP របស់ខ្លួននេះ កម្ពុជាបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។ យោងទៅតាមសារព័ត៌មានបរទេសមួយបានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាថា ផ្លូវតែមួយគត់ដែលចេញពីជំងឺរាតត្បាតនេះគឺការចាក់វ៉ាក់សាំង។ ដូច្នេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានធ្វើការសម្រចចិត្តប្រកបដោយប្រសិទ្ធភាពណាស់ ហើយអាចកៀរគរគ្រប់ធនធានសម្ភារៈ ធនធានមនុស្ស ដើម្បីធ្វើឱ្យប្រាកដថា ប្រជាជនអតិបរមាបានទទួលថ្នាំបង្ការ ហើយថែមទាំងជំនួយ និងកិច្ចសហប្រតិបត្តិការពីប្រទេសចិនផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនប្រជាជននូវការចាក់វ៉ាក់សាំងទី ៤ និងទី ៥ ជាបន្តបន្ទា​ប់ទៀត ដើម្បីរក្សាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនិងរក្សាស្ថេតភាពសេដ្ឋកិច្ចជាតិ។

ដោយសង្កេតឃើញភាពវិជ្ជមាននៃដំណើរការអាជីវកម្ម ក៏ដូចជាវិស័យនានា នាំឱ្យអ្នកវិនិយោគបរទេសជាច្រើនបានចាប់អារម្មណ៍ចូលមកកម្ពុជា។ ជាមួយគ្នានេះ ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័សមិនត្រឹមតែបានជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនចូលមកផងដែរ ដែលនាំឱ្យ FDI កើនឡើងនៅឆ្នាំនេះ។ ដោយអ្នកវិនិយោគិនភាគច្រើនមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ច និងជាពិសេសតំបន់កំណើនថ្មី។ ជាក់ស្ដែង កាលពីឆ្នាំ ២០២១ យើងមានកំណើន ៣.២% នៃ GDP ។ ដោយឡែក នៅក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានកំណើន GDP រហូតដល់៥.៤% ។

គួរបញ្ជាក់ថា ទីក្រុងភ្នំពេញ គឺជាសក្ខីភាពនៃវឌ្ឍនភាពសេដ្ឋកិច្ចដែលប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។  ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃ COVID-១៩ គួរតែនាំកម្ពុជាកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Cgtn
រូបភាព៖ Pretty wild world, Hotels.com Australia