ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា វឌ្ឍនភាពនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ


ស្របពេលដែលបច្ចេកវិទ្យាដើរបានកាន់តែឆ្ងាយ ប្រព័ន្ធគំនិតប្រជាជននៅក្នុងប្រទេសក៏កាន់តែរីកចម្រើនឡើង ដោយយុវជនយើងមានការយល់ដឹងកាន់តែខ្ពស់ ជាពិសេសគឺមានការត្រៀមខ្លួនក្នុងការទទួលយក និងការអភិវឌ្ឍសមត្ថភាពដើម្បីរស់នៅក្នុងសម័យសង្គមឌីជីថល។ ទន្ទឹមនឹងនេះ នាពេលបច្ចុប្បន្នយើងឃើញមានតម្រូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ កាន់តែខ្លាំងឡើងនៅក្នុងវិស័យសំខាន់ៗនានា នៅបណ្ដាទីក្រុង ឬប្រជុំជនដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុជាដើម ដែលទាំងនេះជាចំណែកដ៏សំខាន់ក្នុងការកែប្រែសង្គមយើង ទៅជាសង្គមទំនើបទាន់សម័យកាល។

ជាក់ស្ដែង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម នួន ផារ័ត្ន បានអញ្ជើញចូលរួមបើកវេទិកា Digital Acceleration ដែលជាវេទិកាមួយជំរុញដំណើរការឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ផ្សារភ្ជាប់នឹងវេទិកា Digital Accelerationនេះដែរ ឯកឧត្តម នួន ផារ័ត្ន បានធ្វើការលើកឡើងថា «ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ មានការវិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការឈោងចាប់បានយ៉ាងលឿនរបស់ប្រជាពលរដ្ឋកម្ពុជា»។

ឯកឧត្តម ព្រមទាំងបានបញ្ជាក់ថា «វឌ្ឍនភាពនៅក្នុងវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ»៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Nuon Pharath- នួន ផារ័ត្ន