ក្រសួងទេសចរណ៍៖ កូវីដ-១៩ ធ្វើឱ្យយុវជនថ្មីៗមានភាពស្ទាក់ស្ទើរក្នុងការចាប់យកជំនាញទេសចរណ៍
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សដែលបញ្ចប់ការសិក្សានៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២២នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកថា ក្នុងដំណាក់កាលងើបពីកូវីដ-១៩ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការបុគ្គលិកឱ្យចូលបម្រើការឡើងវិញកាន់តែច្រើន ប៉ុន្តែការផ្អាកអាជីវកម្ម និងការងារដែលបណ្ដាលមកពីវិបត្តិកូវីដ-១៩នេះ បានធ្វើឱ្យខានបង់ជំនាញ និងទេពកោសល្យ ក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានខិតខំកសាងជាច្រើនឆ្នាំមកហើយ។
ស្របពេលជាមួយគ្នានេះ អ្នកជំនាញមួយចំនួនបានប្ដូរមុខរបរ យុវជនថ្មីៗមានភាពស្ទាក់ស្ទើរក្នុងការចាប់យកជំនាញទេសចរណ៍ អាជីវកម្មដែលកំពុងចាប់ផ្ដើមឡើងវិញកំពុងប្រឈមនឹងការខ្វះខាតបុគ្គលិក រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត។
ជុំវិញបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ត្រូវការសហការរៀបចំវគ្គបណ្ដុះបណ្ដាលឱ្យស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាស្របតាមកម្មវិធីសិក្សាស្ដង់ដាជាតិ និងអាស៊ាន។
ឯកឧត្តម ក៏បានស្នើដល់អាជីវកម្ម ក៏ដូចជាយុវជនបម្រើការក្នុងវិស័យទេសចរណ៍ត្រូវកំណត់យកបដិសណ្ឋារកិច្ចល្អ នេះជាគុណតម្លៃស្នូលនៃការផ្ដល់សេវា និងបានស្នើឱ្យស្ថាប័នបណ្ដុះបណ្ដាល និងអាជីវកម្មដាក់ចុះនូវកម្មវិធីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតសម្រាប់ជួយគាំទ្រដល់សិស្សានុសិស្ស ក៏ដូចជាអ្នកបម្រើការងារ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia