តម្លៃប្រេងសាំងចុះថោក អ្នកទិញសម្ដែងក្ដីត្រេកអរ អាជីវករប្រតិកម្មត្អូញត្អែរ!
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦.៥សេនដុល្លារ/លីត្រ។
តម្លៃលក់រាយថ្លៃប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់៣១ខែកក្កដា ឆ្នាំ២០២២ នឹងចុះមក ៤៨០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង៥៣០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ប្រជាពលរដ្ឋទូទៅបានសម្ដែងក្ដីរីករាយនឹងតម្លៃប្រេងធ្លាក់ចុះ ដ្បិតតម្លៃខ្ពស់នៃប្រេងឥន្ធនៈបានធ្វើឱ្យប៉ះពាល់ច្រើនដល់ពលរដ្ឋដែលពុំសូវមានជីវភាពធូធារ ស្របពេលអតិផរណានៅកម្ពុជានាពេលថ្មីៗនេះ ហក់ឡើងខ្លាំងដល់៧.២% ដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងប្រទេសក្នុងទសវត្សរ៍ចុងក្រោយនេះ បើយោងតាមធនាគារជាតិនៃកម្ពុជា។ ដោយឡែក ជុំវិញការបញ្ចុះតម្លៃលក់រាយនៃប្រេងឥន្ទនៈនេះបានធ្វើឱ្យបងប្អូនអាជីវករ ម្ចាស់ដេប៉ូ ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនបានបញ្ចេញប្រតិកម្ម ត្អូញត្អែអំពីផលប៉ះពាល់ដែលបណ្ដាលពីការកំណត់តម្លៃលក់រាយ ខណៈតម្លៃលក់ដុំពុំត្រូវបានកំណត់ ។
សំណូមពរជាច្រើនត្រូវបានលើកឡើង ស្នើឱ្យក្រសួងពិនិត្យមើលលទ្ធភាពនៃតម្លៃបោះដុំ ដើម្បីឱ្យសមាមាត្រគ្នានឹងតម្លៃលក់រាយ និងជាការការពារផលប្រយោជន៍ទាំងពលរដ្ឋអ្នកទិញ និងអាជីវករផងដែរ ដោយមានការលើកឡើថា ការកំណត់តម្លៃលក់រាយ គឺទាបជាងតម្លៃលក់ដុំ ឬតម្លៃដែលខាងស្ថានីយ៍ប្រេងឥន្ធនៈបានទិញចូល៕
ដោយ៖ ផាត់ គឹមឆែ
រូបភាព៖ WPS168