អធិការការងារនឹងចុះត្រួតពិនិត្យទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិតតាមរោងចក្រ សហគ្រាសនានា
ដោយស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ បានធូរស្រាល ប៉ុន្តែការរាតត្បាតនៃជំងឺនេះមិនទាន់បញ្ចប់នៅឡើយទេ។ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាល បានអំពានាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងតាមការកំណត់ ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញ យ៉ាងហោចណាស់ត្រឹមដូសទី៣។
ដោយឡែកថ្មីៗនេះ ដោយយោងទៅតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសឱ្យជ្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាផ្នែកមួយនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមរោងចក្រសហគ្រាស។ ដូច្នេះ ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន រាជធានីខេត្ត និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីខេត្ត ណែនាំបងប្អូនកម្មករ និយោជិតទៅចាក់វ៉ាក់សាំងដូសជំរុញ ព្រមទាំងបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំងក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមការណែនាំ។
ទន្ទឹមនឹងនេះ អធិការការងារនឹងចុះត្រួតពិនិត្យទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត បច្ចុប្បន្នភាព ព័ត៌មានរោងចក្រសហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រសហគ្រាស។ ក្នុងករណីម្ចាស់ ឬ រោងចក្រសហគ្រាសមិនបានអនុវត្តតាមខ្លឹមសារនេះ ត្រូវចាត់ទុកថាល្មើសនឹងមាត្រា៣៨២នៃច្បាប់ស្ដីពីការងារ ដែលត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ពីអធិការការងារ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ