ដំណឹងល្អសម្រាប់ប្រជាកសិករ៖ ម្ចាស់ចម្ការ សហគមន៍កសិកម្មតាង៉ែន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែតាង៉ែនស្រស់ទៅកាន់ទីផ្សារប្រទេសចិន អាចរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីាបាន
ការអំពាវនាវរបស់លោកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន នៅសណ្ឋាគារ ប្រស៊ីដង់ ក្រុងបាត់ដំបង ក្រោមការរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារ ជី អាយ ហ្សិត (GIZ) ប្រចាំប្រទេសកម្ពុជា ។
លោកបណ្ឌិត ងិន ឆាយ បានបញ្ជាក់ថា កសិកម្ម គឺជាវិស័យនាំមុខមួយ ដែលផ្ដល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ ។ រហូតមកដល់នឹងពេលនេះ រាជរដ្ឋាភិបាលនៅតែបន្ដផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម តាមរយៈការជំរុញអនុវត្តកម្មវិធីការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាមួយនឹងរបត់ថ្មី ដើម្បីឈានឆ្ពោះទៅរកការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ។
ពាក់ព័ន្ធនឹងសិក្ខាសាលានាពេលនេះ លោក បានបញ្ជាក់យ៉ាងដូច្នេះទៀតថា វិធានការអនាម័យនិងភូតគាមអនាម័យ កំពុងដើរតួនាទីមិនអាចខ្វះបាន ក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ពិសេស ផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិតផលជាប់កម្រិតកំណត់ឬជាក្រុមផលិតផល ដែលមានកម្រិតហានិភ័យខ្ពស់ ដែលការនាំចេញទំនិញប្រភេទនេះ ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចារបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលតាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំ ក្នុងនោះផ្លែតាង៉ែនស្រស់ ក៏ស្ថិតក្នុងក្រុមផលិតផល ដែលមានកម្រិតហានិភ័យខ្ពស់ផងដែរ ហើយដើម្បីឱ្យការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជា ពិសេសផ្លែតាង៉ែនទៅកាន់ទីផ្សារនៃប្រទេសចិន កសិករត្រូវតែអនុវត្តកសិកម្មល្អ មានន័យថា ការអនុវត្តកសិកម្មល្អ គឺជាស្តង់ដារស្ម័គ្រចិត្តមួយសម្រាប់អនុវត្តការងារកសិកម្មល្អ ក្នុងអំឡុងពេលធ្វើផលិតកម្ម ពេលប្រមូលផល និងក្រោយពេលប្រមូលផល ។
លោកបណ្ឌិត ងិន ឆាយ បានលើកបន្ថែមដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤ ៦១៦ ៤៤៨,៨៣តោន ទៅកាន់ទិសដៅ៦០ប្រទេស គឺមានការកើនឡើងចំនួន៤២៨ ៦៩២,៤៣តោន ស្មើនឹង១០,២៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ៤ ១៨៧ ៧៥៦,៤០តោន ដោយឡែកការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសវៀតណាមមានចំនួន១០៦,៦៨តោន ។ កំណើននៃបរិមាណនាំចេញ គឺបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណនិងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព៖ Oknha. news