កម្ពុជា បាននឹងកំពុងពន្លឿនការត្រួសត្រាយផ្លូវដើម្បីសម្រេចបាននូវសក្ដានុពលលើវិស័យសេដ្ឋកិច្ច


កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី ដែលក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យសេដ្ឋកិច្ចនៅតែបន្តពង្រីកកិច្ចសហប្រតិបត្តិការខ្លួនជាមួយប្រទេសទាំងក្នុង និងក្រៅតំបន់បើទោះបីជាមានការគំរាមកំហែងពីមេរោគកូវីដ-១៩យ៉ាងណាក៏ដោយ។

ចាប់តាំងពីឆ្នាំ២០០៤ដែលកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) កម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលជាចំណែកមួយយ៉ាងសារៈសំខាន់សម្រាប់រុញច្រានការវិនិយោគនានា។ ជាក់ស្ដែងកាលដើមឆ្នាំ២០២២កន្លងទៅថ្មីៗនេះ កម្ពុជាបានសម្រេចនូវកិច្ចព្រមព្រៀងថ្មីមួយគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)​។

ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់(RCEP)ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវកាវិនិយោគដោយផ្ទាល់ពីបរទេសថ្មីៗបន្ថែមទៀត នេះបើតាមប្រសាសន៍ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ដែលបានលើកឡើងក្នុងកម្មវិធី «រាត្រីកម្ពុជា»(CAMBODIA NIGHT) ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន​ សែន បានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ នាទីក្រុងDAVOS ប្រទេសស្វីស។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)​ គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសដៃគូអាស៊ានទាំង៥មាន ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី។ យ៉ាងណាមិញ RCEP ត្រូវបានគេមើលឃើញថា​ជាកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំជាងគេបំផុតមួយក្នុងពិភពលោកដែលមានទំហំប្រមាណ២៩ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុប(GDP)របស់សកលលោក។

សមិទ្ធផលថ្មីមួយនេះនឹងបង្កើតឱ្យមាននូវសេរីភាវូនីយកម្ម ទៅលើទំនិញ សេវាកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសជាសមាជិកចំនួន១៤ផ្សេងទៀត។ យោងតាម មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រ បានឱ្យដឹងថា ក្រោយពីកិច្ចព្រមព្រៀងនេះបានចូលជាធរមាន និងចាប់ផ្ដើមអនុវត្តនោះវានឹងជំរុញឱ្យមានកំណើន៧ភាគរយ សម្រាប់ការនាំចេញ កំណើន២៣ភាគរយសម្រាប់ការវិនិយោគ និងរំពឹងថាជំរុញកំណើន២ភាគរយសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាផងដែរ។

ដោយឡែក តាមរយៈការរួមបញ្ជូលគ្នារវាង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) គម្រោងខ្សែក្រវាត់ពាណិជ្ជកម្មចិន(BRI) និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា នឹងអាចធ្វើឱ្យវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យឯកជន ការបង្កើតការងារ ការកសាងសមត្ថភាពធនធានមនុស្សកម្ពុជាកាន់តែមានសក្ដានុពលនៅក្នុងកិច្ចសហប្រតិបត្តិការផងដែរ។ ជាក់ស្ដែងវិស័យកសិកម្មកម្ពុជា នៅឆ្នាំ២០២១ កាលនាំចេញអង្កររបស់កម្ពុជាបានធ្លាក់ចុះ ១០.៦៨ភាគរយ ខណៈដែលការនាំចេញទៅប្រទេសចិនបានកើនឡើង ៧ភាគរយដែលស្មើនឹងជិតពាក់កណ្ដាលនៃការនាំចេញអង្កររបស់កម្ពុជារួចទៅហើយ។ ក្រៅពីនេះក៏មាននូវកសិផលផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែស្វាយ បាននាំចូលទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

កាលណាចរន្តសេដ្ឋកិច្ចដំណើរការទៅរលូន នោះនឹងបង្កលក្ខណៈឱ្យមានការពង្រីកទំហំផលិតកម្មកម្ពុជា ក៏ដូចជាបានជួយលើកកម្ពស់ជីវភាពប្រជាជនថែមមួយកម្រិតទៀតដែរ៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ Samdech Hun Sen Cambodian Prime Minister, Global Times