«សួនរុក្ខជាតិអង្គរ រចនាបទខ្មែរនឹងក្លាយជាគោលដៅថ្មីសម្រាប់អ្នកទេសចរ»


សៀមរាប ជាខេត្តដែលមានសក្ដានុពលខ្លាំងផ្នែកវិស័យទេសចរណ៍។ ជារៀងរាល់ឆ្នាំ សៀមរាបទឹកដីអង្គរតែងនាំមកនូវលំហូរភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាហូរហែ។​ ក្រៅពីសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ រមណីយដ្ឋានធម្មជាតិនានា សុទ្ធសឹងជាទីចាប់អារម្មណ៍នៃអ្នកទេសចរ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំក៏ដូចជាអាជ្ញាធរជាតិ ក៏បាននិងកំពុងជំរុញឱ្យមានកិច្ចអភិវឌ្ឍល្អតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីបម្រើឱ្យវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរមណីដ្ឋានប្រភេទកែច្នៃមួយកន្លែងឈ្មោះ«សួនរុក្ខជាតិអង្គរ» ស្ថិតក្នុងក្រុងសៀមរាបដែលមានទំហំដីប្រមាណជាង១៥ហិចតា។ 

ពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា  ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា​ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកអាជ្ញាធរជាតិអប្សរាផងដែរ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍គាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរាដែលបានបង្កើតជាសួនរុក្ខជាតិអង្គរមានលក្ខណៈពិសេសក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។

«សួនរុក្ខជាតិអង្គរ» អាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជាដែលនឹងក្លាយជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតក្នុងក្រុងសៀមរាប។ សួនរុក្ខជាតិអង្គរ ធ្វើឡើងស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ បន្លែជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស​ សួនអម្បូរត្នោត សួនលំនៅឋានខ្មែរ សួនព្រៃឈើ។ ជាមួយគ្នានេះដែរក៏មាននូវសួនសត្វជាច្រើនប្រភេទដូចជា អណ្ដើក ក្ងោក ព្រាប ទន្សាយ និងប្រភេទសត្វស្លាបប្រវាំងជាដើម៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖
– ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-​ ជា សុផារ៉ា-Chea Sophara