អាជីវកម្មខ្នាតតូច និងមធ្យមនឹងត្រូវបានស្ដារឡើងវិញតាមរយៈ គម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍


រំលឹកទៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាមួយដែលពិភពលោកកំពុងតែទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីជំងឺកូវីដ-១៩។ ក្នុងនោះ កម្ពុជាយើងក៏ជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ពីការរីករាតត្បាតនៃជំងឺដ៏សាហាវនេះ។ ស្ទើរគ្រប់វិស័យក្នុងប្រទេសត្រូវបានផ្អាកដំណើរការ និងត្រូវជាប់គាំងជាបណ្ដោះអាសន្ន។ ជាក់ស្ដែងក្នុងអំឡុងពេលពីរឆ្នំានៃការវាយលុកដោយជំងឺកូវីដ-១៩ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង និងបណ្ដាលឱ្យសហគ្រាសជាច្រើនក្នុងវិស័យនេះកាត់បន្ថយ  ផ្អាកឬបិទអាជីវកម្មទាំងស្រុងតែម្ដង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់សិបម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល។

យ៉ាងណាមិញ ក្រោយស្ថានភាពប្រទេសមានភាពធូរស្រាល និងអាចវិញមកកាន់ភាពល្អប្រសើរឡើងវិញនោះ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានប្រកាសដាក់ដំណើរការជាផ្លូវការនូវ «គម្រោង សហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍»ក្នុងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាម៉េរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFls)។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានថ្លែងឱ្យដឹងថា គម្រោងសហហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គម្រោងនេះផ្ដល់អត្រាការប្រាក់៦.៥ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ អាចខ្ចីបានរហូតដល់៧ឆ្នាំ​ ហេតុនេះសហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩អាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFls​ ជាដៃគូ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។ ដោយឡែកកាលពីឆ្នាំ២០២០-២០២១ កន្លងទៅតាមរយៈយន្តការ SME Bank រាជរដ្ឋាភិបាលក៏បានផ្ដួចផ្ដើម និងអនុវត្តកម្មវិធីសហហិរញ្ញប្បទាន២ជំហាន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពរួមមានទាំងវិស័យទេសចរណ៍រួមមកហើយ ដូច្នេះថវិកាទាំង១៥០លានដុល្លារនៃគម្រោងនេះគឺផ្ដោតសំខាន់សម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ជឿជាក់ថា ការដាក់អនុវត្តគម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍នេះមិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនូវអាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម​ អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូចនិងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍យ៉ាងមានប្រសិទ្ធភាពផងដែរ៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance