រដ្ឋមន្ត្រីវៀតណាម​ ស្នើឱ្យកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងប្រទេសកម្ពុជា


កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជា និងវៀតណាមបានបើកការជួបប្រជុំមួយទាក់ទងនឹងការការពារព្រំដែនលើកដំបូងនៅតំបន់ព្រំដែននៃស្រុក Loc Ninh នៃខេត្ត Binh Phuoc ប្រទេសវៀតណាម ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។

ក្នុងកិច្ចពិភាក្សានេះ លោក Giang បានលើកឡើងថា «នេះជាការផ្លាស់ប្ដូរបទពិសោធ ក្នុងការការពារព្រំដែនមិត្តភាពជាលើកដំបូងរវាងប្រទេសទាំងពីរដោយគណៈរដ្ឋមន្ត្រី»។  ជាមួយគ្នានេះ វាជាជំនួបដ៏មានន័យ ខណៈឆ្នាំ ២០២២ គឺជាឆ្នាំមិត្តភាពរវាងប្រទេសកម្ពុជា-វៀតណាម និងជាខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា) ព្រមទាំងជាខួបលើកទី ៤៥ នៃដំណើរការឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (ថ្ងៃទី ២០ ខែមិថុនា) របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។  .

ភាគីទាំងពីរបានអះអាងថា បើទោះបីជាកម្ពុជា-វៀតណាម​ បានប្រឈមនឹងស្ថានការណ៍អាក្រក់ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩កន្លងមក ក៏ដូចជាស្ថានការណ៍អន្តរជាតិ និងបញ្ហាស្មុគស្មាញក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងវៀតណាម-កម្ពុជា រួមទាំងទំនាក់ទំនងលើវិស័យការពារជាតិ នៅតែមានភាពរីកចម្រើន។

យ៉ាងណាមិញកម្ពុជា-វៀតណាមក៏បាននឹងកំពុងអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវសកម្មភាពកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាក្នុងកិច្ចពិភាក្សាមួយកាលពីខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ ដោយឡែក ខណៈនេះភាគីទាំងពីរកំពុងធ្វើការរួមគ្នាប្រកបដោយផ្លែផ្កាក្នុងការចែករំលែកបទពិសោធ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ 

ប្រការនេះបានជួយបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នា លើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ ចៀសវាងនូវអរិភាព ដើម្បីជំរុញឱ្យមានចំណងសាមគ្គីភាពវៀតណាម-កម្ពុជាឱ្យកាន់តែស្អិតរមួត។ សម្រាប់ពេលខាងមុខ កម្ពុជា-វៀតណាមក៏បានយល់ព្រមបង្កើនការសម្របសម្រួលក្នុងការអនុវត្តពិធីសារកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរយៈពេលប្រាំឆ្នាំ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំផងដែរ ដើម្បីជំរុញដំណើរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិត  រៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី  ពង្រឹងទំនាក់ទំនងរវាងតំបន់យោធា អាវុធ សេវាកម្ម និងកងកម្លាំងការពាររបស់ប្រទេស  សហប្រតិបត្តិការក្នុងការអប់រំនយោបាយ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី Giang បានអះអាងនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះកម្ពុជាក្នុងការបំពេញតួនាទីរបស់ខ្លួនជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដោយជោគជ័យ។ លោក Giang ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់នឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សហគមន៍វៀតណាមក្នុងប្រទេសកម្ពុជាក្នុងការតាំងទីលំនៅ និងជួយក្រុមហ៊ុនវៀតណាម រួមទាំងអាជីវកម្មរបស់ជនជាតិវៀតណាម ឱ្យដំណើរការដោយជោគជ័យនៅកម្ពុជា។

បន្ទាប់ពីជំនួបពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានការពារព្រំដែនជាន់ខ្ពស់វៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ប្រទេសទាំងពីរមានព្រំដែនគោកប្រវែង១.១៣៧ គីឡូម៉ែត្រដែលកាត់តាមខេត្តចំនួន៩របស់កម្ពុជា និងខេត្ត១០របស់ប្រទេសវៀតណាម។

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Vietnam Plus