«កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»


យោងទៅតាមអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយនាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ (Somprasong Nilsamai) អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេនបានលើកឡើងថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ជាប្រមុខ សង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសស្ថានការណ៍សន្តិសុខនៅតាមបណ្ដោយព្រំដែនមានភាពល្អប្រសើរ ដែលជាការចង់បានរបស់កម្ពុជា នៅក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន

ប្រភពដដែលបានបន្តថា ទាក់ទងនឹងស្ថានភាពនៅកម្ពុជា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាក់ថា មកដល់បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ មានសភាពថមថយដែលអាចគ្រប់គ្រងបាន ហើយប្រទេសជាតិបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដែលកត្តានេះ គឺអាស្រ័យដោយមានការដឹកនាំឈ្លាសវៃ ប៉ិនប្រសប់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការប្រើប្រាស់គ្រប់យុទ្ធវិធី ដោះស្រាយទាន់សភាពការណ៍ គួបផ្សំជាមួយការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក។

ជាកិច្ចឆ្លើយតប នាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ បានសម្ដែងការសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២នេះ។

នាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ

នាយឧត្តមនាវី បានបញ្ជាក់ថា នេះជាលើកទីមួយ នៃដំណើរទស្សនកិច្ចមកកាន់កម្ពុជា ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ដែលទើបទទួលបានការតែងតាំង ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ៕

ដោយ៖ ផាត់​ គឹមឆែ

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ